(សេអ៊ូល)៖ ស្របពេលដែលទីក្រុងព្យុងយ៉ាង និងវ៉ាស៊ីនតោន កំពុងធ្វើសង្រ្គាមពាក្យសម្តីយ៉ាងក្តៅគគុកដាក់គ្នាទៅវិញទៅមក ប្រជាជនកូរ៉េខាងជើងដ៏ក្លាហានប្រមាណ ៣.៥លាននាក់ បានទៅដាក់ពាក្យចូលបម្រើកងទ័ព ដើម្បីត្រៀមប្រយុទ្ធតទល់ក្នុងសមរភូមិជាមួយសហរដ្ឋអាមេរិក ក្នុងករណីដែលសង្រ្គាមផ្ទុះឡើងរវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងជើង ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៧។
សារព័ត៌មាន Rodong Sinmun របស់បក្សពលករ បានធ្វើសេចក្តីរាយការណ៍ថា ប្រជាពលរដ្ឋកូរ៉េខាងជើង រួមមានទាំងសិស្ស-និស្សិត, ពលករ, និងនាយទាហានចូលនិវត្តន៍ បាននាំគ្នាដាក់ពាក្យចូលបម្រើយោធា បន្ទាប់ពីរដ្ឋាភិបាលរបស់ពួកគេ បានធ្វើការប្តេជ្ញាយ៉ាងមុតមាំ ដើម្បីធ្វើសកម្មភាពសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិក ដោយសារតែការដាក់ទណ្ឌកម្មថ្មីបន្ថែម ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មកលើទីក្រុងព្យុងយ៉ាង ដោយសារតែការធ្វើតេស្តមីស៊ីលផ្លោង ICBM ចំនួនពីរលើកកាលពីខែកក្កដាកន្លងទៅ របស់រដ្ឋកុម្មុយនិស្តមួយនេះ។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះយោធាកូរ៉េខាងជើងបានប្រកាសថា ខ្លួននឹងបញ្ចប់ផែនការវាយប្រហារមីស៊ីលព្រមានកោះហ្គាំ (Guam) របស់អាមេរិក នៅត្រឹមពាក់កណ្តាលខែសីហានេះ ហើយបញ្ជូនទៅកាន់ប្រមុខដឹកនាំកំពូល លោក គីម ជុងអ៊ុន ដើម្បីរង់ចាំការសម្រេចចិត្តចុងក្រោយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា ព្យុងយ៉ាងនឹងភ្លក្សរសជាតិភ្លើងកំហឹងដ៏រោលរាល ដែលពិភពលោកពុំធ្លាប់បានឃើញពីមុនមកនោះឡើយ៕