(ប៉េកាំង)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទូរស័ព្ទដោយផ្ទាល់ពីទីក្រុងវ៉ាស៊ីនតោន មកកាន់ទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជុំវិញភាពក្តៅគគុកនៃសង្គ្រាមពាក្យសម្តីរវាងរដ្ឋាភិបាលអាមេរិក និងរបបដឹកនាំកូរ៉េខាងជើង ដែលបានឈានទៅរកភាពផុយស្រួយនឹងអាចផ្ទុះសង្គ្រាមលើសពេលណាៗទាំងអស់នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៧។
ទូរទស្សន៍រដ្ឋចិន CCTV បានចេញផ្សាយថា មេដឹកនាំមហាអំណាចធំបំផុតលើលោកទាំងពីររូប បានពិភាក្សាដោះដូរមតិយោបល់គ្នាជាទូទៅ ទៅលើស្ថានការណ៍វិវឌ្ឍន៍នៅតំបន់ឧបទ្វីបកូរ៉េ។ ជាចុងក្រោយថ្នាក់ដឹកនាំ ចិន និងអាមេរិក បានបង្ហាញការចង់បានរួមគ្នានូវសន្តិភាព និងស្ថិរភាព ព្រមទាំងតំបន់ឧបទ្វីបកូរ៉េដែលគ្មានអាវុធនុយក្លេអ៊ែរ។ ទោះបីជាអាមេរិកកន្លងមក តែងតែរិះគន់ចិនថា មិនបានចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីរារាំងការបង្ករឿងរបស់កូរ៉េខាងជើងក៏ដោយ ក៏ចុងក្រោយគ្មាននរណាឡើយក្រៅពីចិន ដែលអាចមានឥទ្ធិពលទៅណែនាំកូរ៉េខាងជើង មិនឲ្យធ្វើអ្វីមួយដែលនាំរឿងរ៉ាវកាន់តែរីកធំនោះ។
គួរបញ្ជាក់ថា ការឈានទៅរកកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទដ៏មានសារៈសំខាន់នេះ បានកើតមានឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើងបានគំរាមថា នឹងផ្លោងគ្រាប់មីស៊ីល ០៤គ្រាប់ ទៅក្នុងដែនទឹកក្បែរកោះហ្គាំ (Guam) របស់អាមេរិកស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីជាព្រមានចំពោះពាក្យសម្តីធ្ងន់ៗ ដែលលោក ត្រាំ បានប្រើប្រាស់ទៅលើកូរ៉េខាងជើង ហើយនេះក៏ជាលើកទី១ផងដែរ ដែលកូរ៉េខាងជើងហ៊ានប្រើប្រាស់សារព្រមាន ដែលមានទាំងការកំណត់ពេលវេលាច្បាស់លាស់ថា នឹងអាចធ្វើការផ្លោងមីស៊ីល នៅពាក់កណ្តាលខែសីហានេះ ដោយរង់ចាំតែការបញ្ជាដោយផ្ទាល់ពី លោក គីម ជុងអ៊ុន តែប៉ុណ្ណោះ៕