(ការ៉ាកាស់)៖ រដ្ឋមន្រ្តីក្រសួងការពារជាតិវេណេស៊ុយអេឡា លោក វ៉្លាឌីមៀ ផាឌ្រីណូ (Vladimir Padrino) បានចេញមុខហៅពាក្យសម្តីគំរាមកំហែង ប្រើប្រាស់កម្លាំងយោធាមកប្រទេសវេណេស៊ុយអេឡា របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថាជាសកម្មភាពមិនគ្រប់ទឹក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកពុំអាចធានាបានទាំងស្រុងថា នឹងមិនជ្រើសរើសប្រើសកម្មភាពយោធា ប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) នោះឡើយ ដោយសារតែការកើនឡើងនៃចំនួនមនុស្សស្លាប់ ដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងអំឡុងការធ្វើបាតុកម្មដ៏កក្រើក នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។
ជុំវិញរឿងនេះលោករដ្ឋមន្រ្តីការពារជាតិវេណេស៊ុយអេឡា បានប្រាប់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកថា «វាគឺជាសកម្មភាពឡប់សតិ... ជារោគសញ្ញានៃអំពើជ្រុលនិយម។ សហរដ្ឋអាមេរិកកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់មេជ្រុលនិយម»។
ជាមួយគ្នានេះ រដ្ឋមន្រ្តីទំនាក់ទំនងវេណេស៊ុយអេឡា លោក Ernesto Villegas បានសរសេរក្នុងប្រព័ន្ធ Twitter ថា ការគំរាមកំហែងរបស់ លោក ដូណាល់ ត្រាំ នឹងជម្រុញលើកទឹកចិត្ត ឲ្យជនរួមជាតិវេណេស៊ុយអេឡារួមសាមគ្គីគ្នាទៅវិញទេ ដើម្បីការពារប្រទេសជាតិ ហើយការពារសកម្មភាពឈ្លានពាន ពីសហរដ្ឋអាមេរិក។ លើសពីនេះទៀត ក្រសួងការបរទេសវេណេស៊ុយអេឡា ក៏នឹងចេញសេចក្តីថ្លែងការណ៍ឆ្លើយតបផ្លូវការ ចំពោះសេចក្តីប្រកាសរបស់ លោក ត្រាំ ផងដែរ៕