(ញូដេលី)៖ មិនត្រឹមតែមិនដកទ័ពចេញពីតំបន់ជម្លោះ តាមការទាមទាររបស់ចិននោះទេ ឥណ្ឌាបានបន្តដាក់ពង្រាយពលទាហាន និងប្រព័ន្ធសព្វាវុធបន្ថែមទៀត នៅពាសពេញព្រំដែនភាគឦសានរបស់ខ្លួន ជាប់នឹងប្រទេសចិន នៅចំពោះមុខការបន្តប្រឈមមុខដាក់គ្នានៅតំបន់ Doklam ទោះបីកិច្ចសន្ទនាការទូត និងយោធាកំពុងត្រូវបានប្រើប្រាស់ ដើម្បីព្យាយាមបន្ធូរបន្ថយបញ្ហាវិវាទ ដែលបានអូសបន្លាយជិតពីរខែមកហើយនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Times of India នៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៧។
កិច្ចចរចារវាងក្រុមមន្រ្តីជាន់ខ្ពស់មកពីឥណ្ឌា និងចិន ត្រូវបានប្រារព្ធឡើងនៅឯច្រកភ្នំ Nathu La ក្នុងរដ្ឋ Sikkim ជាលើកដំបូងនាថ្ងៃសុក្រនេះ ក្រោយពីជំនួបស្រដៀងគ្នានេះរវាងមន្រ្តីយោធាថ្នាក់ក្រោមនៃប្រទេសទាំងពីរ កាលពីថ្ងៃទី០៨ ខែសីហាថ្មីៗនេះ បានទទួលបរាជ័យក្នុងការដោះស្រាយបញ្ហាជាប់គាំងនេះ។ ក៏ប៉ុន្តែជំនួបលើកនេះ ក៏ពុំបានចេញលទ្ធផលជាផ្លែផ្កាអ្វីនោះដែរ ដោយចិននៅតែបន្តប្រកាន់ខ្ជាប់ថា ឥណ្ឌាគួរតែដកកងទ័ពការពារព្រំដែនរបស់ខ្លួន ចេញពីតំបន់ Doklam ដែលនៅក្បែរចំណុចប្រសព្វត្រីមុខ ឥណ្ឌា-ប៊ូតាន-ចិន។ ដោយឡែកខាងឥណ្ឌាវិញ បានទទូចឲ្យចិនជាដំបូងឡើយ គួរតែប្រមូលសម្ភារៈសាងសង់ផ្លូវចេញពីទីតាំងនោះជាបន្ទាន់ ខណៈភាគីទាំងពីរនេះវិញ នឹងរាយការណ៍ទៅកាន់ទីស្នាក់ការរៀងៗខ្លួន។
ទន្ទឹមនេះ កងទ័ពឥណ្ឌាបានបញ្ជូនពលទាហានជាសម្ងាត់ ទៅកាន់តំបន់ប្រុងជើងការប្រតិបត្តិការរបស់ពួកគេ នៅក្នុងរដ្ឋ Sikkim និង Arunachal Pradesh ជាប់ព្រំដែនចិន និងបង្កើនការត្រៀមខ្លួនប្រុងប្រយ័ត្នដល់កម្រិតខ្ពស់។ ប្រភពពីយោធាឥណ្ឌាបានបញ្ជាក់ថា ការចល័តកងទ័ពនេះ ធ្វើឡើង ដើម្បីជាការឆ្លើយតបចំពោះការតំឡើងសាច់ដុំរបស់ចិន ដែលបានបង្កើនចំនួនទ័ព រថក្រោះ និងកាំភ្លើងធំ នៅក្នុងទីបញ្ជាការយោធាប្រចាំតំបន់ទីបេ។
គួរបញ្ជាក់ថា បញ្ហាជម្លោះនេះបានចាប់ផ្តើមកាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ នៅពេលដែលក្រុមការងារសាងសង់ផ្លូវរបស់ចិន ត្រូវគេប្រទះឃើញកំពុងព្យាយាមពង្រីកថ្នល់មួយខ្សែនៅក្នុងតំបន់ Doklam ដែលទាំងចិន និងប៊ូតាន (សម្ព័ន្ធមិត្តរបស់ឥណ្ឌា) បានអះអាងរៀងៗខ្លួនថា គឺជាទឹកដីរបស់ពួកគេ៕