រថភ្លើងពីរខ្សែបុកគ្នាលាន់ដូចរន្ទះបាញ់នៅអេហ្ស៊ីប «ផ្តាច់យកជីវិតមនុស្ស ៤៩នាក់ និងរបួសជាង ១០០នាក់»
12-08-2017 10:05
(គែរ)៖ មនុស្សយ៉ាងតិច ៤៩នាក់ បានបាត់បង់ជីវិត និង១០០នាក់ផ្សេងទៀត បានទទួលរងរបួសយ៉ាងដំណំ បន្ទាប់ពីរថភ្លើងចំនួនពីរគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង នៅក្នុងទីក្រុង Alexandria តាមបណ្តោយឆ្នេរភាគខាងជើងនៃប្រទេសអេហ្ស៊ីប កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍ពីក្រសួងសុខាភិបាលអេហ្ស៊ីប ដកស្រង់ដោយសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៧។
អាជ្ញាធរផ្លូវដែករបស់ប្រទេសអេហ្ស៊ីបបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើ បានកើតឡើងនៅពេលដែលរថភ្លើងមួយគ្រឿងមានលេខសម្គាល់ ១៣ ធ្វើដំណើរមកពីរដ្ឋធានីគែរ ឆ្ពោះទៅកាន់ទីក្រុង Alexandria បានទៅបុកកន្ទុយរបស់រថភ្លើងមួយគ្រឿងផ្សេងទៀតលេខ ៥៧១ មានគោលដៅមកពីទីក្រុង Port Said ទៅកាន់ទីក្រុង Alexandria ដូចគ្នា។
គួរបញ្ជាក់ថា យ៉ាងណាមិញមូលហេតុដែលបានបណ្តាលសោកនាដកម្មនេះឡើងនោះ ពុំទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ខណៈអាជ្ញាធរអេហ្ស៊ីបនៅតែកំពុងធ្វើការស៊ើបអង្កេតនៅឡើយ៕