(តូក្យូ)៖ កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន បានសម្រេចធ្វើការដាក់ពង្រាយប្រព័ន្ធមីស៊ីល PAC-3 Patriot ទៅកាន់ភាគខាងលិចប្រទេស ដើម្បីចាំបាញ់ស្ទាក់គ្រាប់មីស៊ីលផ្លោង ដែលកូរ៉េខាងជើងបានព្រមានថា នឹងបាញ់សំដៅទៅក្បែរកោះហ្គាំ (Guam) របស់អាមេរិកឆ្លងកាត់ដែនអាកាសជប៉ុន នៅពាក់កណ្តាលខែសីហានេះជាការព្រមាន ចំពោះការវាយប្រហារដោយពាក្យសម្តីពីសំណាក់លោក ដូណាល់ ត្រាំ មកលើទីក្រុងព្យុងយ៉ាង ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរដ្ឋចិន CGTN នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ជប៉ុនគឺជាសម្ព័ន្ធធំបំផុតរបស់អាមេរិកប្រចាំតំបន់អាស៊ី ដែលមានមូលដ្ឋានយោធាអាមេរិកតាំងនៅជាច្រើនកន្លែង ហើយប្រទេសនេះក៏នឹងចូលរួមជួយអាមេរិកពេញទំហឹងផងដែរ ក្នុងករណីដែលមានជម្លោះណាមួយរវាង អាមេរិក និងកូរ៉េខាងជើងផ្ទុះឡើងនោះ។ សម្រាប់កូរ៉េខាងជើង ប្រសិនបើត្រូវបាញ់មីស៊ីលទៅកាន់កោះហ្គាំ របស់អាមេរិកដែលស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនោះ គ្រាប់មីស៊ីលរបស់ខ្លួនត្រូវតែហោះរំលងភាគខាងលិចជប៉ុនជាមុនសិន ប៉ុន្តែពេលនេះជប៉ុនកំពុងត្រៀមបាញ់ទម្លាក់ហើយ។
គួរបញ្ជាក់ថា កោះហ្គាំជាជម្រកនៃមូលដ្ឋានយោធារបស់អាមេរិក ដែលមានបំពាក់សព្វាវុធទំនើបៗ និងនាយទាហានអាមេរិកសរុប ៧,០០០នាក់៕