(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃសុក្រនេះបានចោទប្រកាន់សហរដ្ឋអាមេរិក និងជប៉ុនថា កំពុងប្រកាន់ឥរិយាបថគ្មានការប្រុងប្រយ័ត្នទាល់តែសោះ តាមរយៈការពង្រឹងសម្ព័ន្ធភាពយោធា ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង Minju Joson ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។
Minju Joson នៅក្នុងបទអត្ថធិប្បាយរបស់ខ្លួនបានគូសបញ្ជាក់ថា «ដោយសារតែការភ័យខ្លាចនឹងភាពជោគជ័យ នៃការធ្វើតេស្ដមីស៊ីលផ្លោងឆ្លងទ្វីប ICBM របស់កូរ៉េខាងជើង សហរដ្ឋអាមេរិក និងជប៉ុន បានធ្វើសកម្មភាពដោយគ្មានការប្រយ័ត្នទាល់តែសោះ លើសពេលណាៗទំាងអស់ នៅក្នុងចលនាពង្រឹងសម្ព័ន្ធភាពយោធាប្រឆាំងទីក្រុងព្យុងយ៉ាង»។
សារព័ត៌មានរដ្ឋនេះដដែលក៏បានអះអាងដែរថា បច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូត្យូ កំពុងប្រើយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យកូរ៉េខាងជើងឯកោ តាមរយៈការពង្រឹងសម្ព័ន្ធភាពយោធាដែលនេះអាចបង្ហាញ បានថា ពួកគេនៅតែចិញ្ចឹមចិត្តឈ្លានពានមកកូរ៉េខាងជើង។ បច្ចុប្បន្នសង្គ្រាមសម្តីរវាងកូរ៉េខាងជើង និងអាមេរិកនៅតែខ្លាំងក្លា ជាពិសេសគឺការគំរាមវាយប្រហារកោះហ្គាំ (Guam) របស់អាមេរិកតែម្តង៕