(សេអ៊ូល)៖ នៅក្នុងបរិបទដែលកូរ៉េខាងជើង និងសហរដ្ឋអាមេរិកគំរាមធ្វើសង្រ្គាមសម្តីដាក់ទៅវិញទៅមក នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេម ម៉ាតទីស (James Mattis) បានចេញមុខថ្លែងសារបន្ធូរបន្ថយភាពតានតឹងដោយនិយាយថា សង្រ្គាមជាមួយទីក្រុងព្យុងយ៉ាង នឹងក្លាយជាគ្រោះមហន្តរាយហើយលោកនៅតែសង្ឃឹមថា បញ្ហាកូរ៉េខាងជើងនឹងអាចត្រូវបានដោះស្រាយ តាមរយៈផ្លូវការទូត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅល្ងាចថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយទាក់ទិននឹងស្ថានភាពកូរ៉េខាងជើងបច្ចុប្បន្ន រៀបចំឡើងក្នុងរដ្ឋកាលីហ្វរញ៉ា លោក James Mattis បានលើកឡើងយ៉ាងដូច្នេះថា «សោកនាដកម្មនៃសង្រ្គាមត្រូវបាន គេស្គាល់គ្រប់គ្រាន់ហើយ ដូច្នេះវាមិនចាំបាច់អីត្រូវបញ្ជាក់ពីលក្ខណៈសង្រ្គាមទៀតនោះទេ ព្រោះគេដឹងយ៉ាងច្បាស់ថា សង្រ្គាមនឹងបង្កជាគ្រោះមហន្តរាយ... ម្យ៉ាងវិញទៀត កិច្ចខិតខំប្រឹងប្រែងរបស់ សហរដ្ឋអាមេរិក តាមរយៈផ្លូវការទូតកំពុងលេចចេញលទ្ធផលជាបណ្ដើរៗហើយ»។ ដោយឡែកជុំវិញការប្រើប្រាស់កម្លាំងយោធា ប្រឆាំងទីក្រុងព្យុងយ៉ាង រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ បានបញ្ជាក់ថា បេសកកម្មនិងការទទួលខុសត្រូវរបស់លោក គឺការត្រៀមលក្ខណៈប្រើប្រាស់កម្លាំងយោធា ក៏ប៉ុន្តែលោកនៅតែផ្ដល់តម្លៃឱ្យការដោះស្រាយបញ្ហា តាមផ្លូវការទូតច្រើនជាង។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក James Mattis ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានគំរាមវាយប្រហារសាជាថ្មី លើកូរ៉េខាងជើងដែលកំពុងរៀបចំ ផែនការបាញ់គ្រាប់មីស៊ីលរយៈចំងាយមធ្យម ០៤គ្រាប់ ទៅកាន់តំបន់ក្បែរកោះហ្គាំ (Guam) មានប្រជាជនអាមេរិក ១៦០,០០០នាក់រស់នៅ៕