(ញូដេលី)៖ នៅពេលដែលនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narindra Modi) បានអនុម័តលើកញ្ចប់ថវិកា ២៥៦លានដុល្លារ សម្រាប់ការអភិវឌ្ឍផ្លូវនៅតាមតំបន់ព្រំដែន កាលពីខែកក្កដាកន្លងទៅ វាបានបង្កឱ្យគេគ្រប់គ្នាមើលឃើញថា ទីក្រុងញូដេលីកំពុងសម្លឹងមើលការពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីទប់ទល់នឹងមហាយក្សចិន ដែលបាននិងកំពុងលេចត្រដែតឡើងកាន់តែខ្លាំង នៅលើឆាកអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg កាលពីពេលថ្មីៗនេះ។
ការសម្រេចចិត្តអនុវត្តន៍ឡើងវិញនូវគំរោងផ្លូវហាយវ៉េត្រីភាគី (ឥណ្ឌា មីយ៉ាន់ម៉ា និងថៃ) គឺជាផ្នែកមួយនៃមហិច្ឆតារបស់ឥណ្ឌា ក្នុងការស្ថាបនាផ្លូវមានប្រវែងដល់ទៅ ១,៣៦០គីឡូម៉ែត្រ តភ្ជាប់ពីតំបន់ភាគឦសានប្រទេសឥណ្ឌា ទៅកាន់ទីផ្សារនៅក្នុងប្រទេសថៃ ហើយដែលនេះនឹងក្លាយជាដំណាក់កាលបន្ទាប់ នៃការប្រកួតប្រជែងដណ្ដើមឥទ្ធិពលសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ នៅក្នុងតំបន់រវាងប្រទេសទំាងពីរ។
ជាងនេះទៅទៀត បើតាមទិន្នន័យផ្ដល់ដោយរដ្ឋាភិបាលឥណ្ឌា គ្រាន់តែក្នុងរយៈពេលពីរឆ្នាំមកនេះ ទីក្រុងញូដេលី បានចំណាយប្រាក់ច្រើនជាង ៤.៧ពាន់លានដុល្លារ ក្នុងកិច្ចសន្យាអភិវឌ្ឍន៍ផ្លូវនៅតាមតំបន់ព្រំដែន ក្នុងនោះរួមមានទាំងផ្លូវហាយវ៉េ ដែលនឹងភ្ជាប់ពីទីក្រុង Moreh នៃរដ្ឋ Manipur កាត់តាមទីក្រុង Tamu ប្រទេសមីយ៉ាន់ម៉ា ឆ្ពោះទៅកាន់ស្រុក Mae-Sot ស្ថិតនៅភាគខាងត្បូងប្រទេសថៃ។
តែទោះជាយ៉ាងនេះក្ដី ក្រុមអ្នកជំនាញមួយចំនួនយល់ថា ទីក្រុងប៉េកំាងបានដើរមុនឥណ្ឌាមួយជំហាន នោះគឺគំរោង «ខ្សែក្រវាត់មួយផ្លូវមួយ» របស់ប្រធានាធិបតីចិន លោក ស៊ី ជីពីង កាន់តែរីកចំរើនទៅមុខជាមួយការរំពឹងទុកថា អាចនឹងមានការវិយោគច្រើនជាងកន្លះទ្រីលានដុល្លារ ពីបណ្ដាប្រទេសចំនួន ៦២៕