(ប៉េកាំង)៖ កាសែតរដ្ឋចិន Global Times នៅថ្ងៃសុក្រនេះបានផ្សាយថា ចិនគួរតែប្រកាន់គោលជំហរអព្យាក្រឹត បើសិនជាកូរ៉េខាងជើងវាយប្រហារលើសហរដ្ឋអាមេរិកមុន ក៏ប៉ុន្តែទន្ទឹមគ្នាបើសិនសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បើកការវាយប្រហារផ្ដូលរំលំរបបដឹកនាំទីក្រុងព្យុងយ៉ាង ទីក្រុងប៉េកាំងដាច់ខាតត្រូវតែចេញមុខរារាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។
ការអត្ថាធិប្បាយរបស់ Global Times ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្រើប្រាស់វោហាស័ព្ទធ្វើសង្រ្គាមសាជាថ្មីជាមួយកូរ៉េខាងជើង ដោយព្រមានដដែលៗថា នឹងប្រែក្លាយទីក្រុងព្យុងយ៉ាងឱ្យទៅជា «ភ្នក់ភ្លើង និងកោលាហល»។ ចំណែកឯចិនដែលជាសម្ព័ន្ធដ៏សំខាន់របស់កូរ៉េខាងជើង នៅតែអំពាវនាវឱ្យរក្សាភាពស្ងៀមស្ងាត់ ក៏ដូចជាបង្ហាញការសោកស្ដាយផងដែរ ចំពោះការបាញ់សាកល្បងមីស៊ីលម្ដងហើយម្ដងទៀត ពីសំណាក់ទីក្រុងព្យុងយ៉ាង ព្រមទាំងអាកប្បកិរិយាបង្កើនភាពតានតឹងរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជាពិសេសគឺការធ្វើសមយុទ្ធយោធារួមគ្នា រវាងប្រទេសទំាងពីរ។
យ៉ាងណាក៏ដោយ នៅក្នុងបទវិចារណកថារបស់ខ្លួន កាសែតរដ្ឋចិន Global Times បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចិនគួរតែបញ្ជាក់ឱ្យបានច្បាស់ថា បើសិនជាកូរ៉េខាងជើងបាញ់មីស៊ីលលើទឹកដីអាមេរិកមុន ហើយសហរដ្ឋអាមេរិកធ្វើការតបត នោះទីក្រុងប៉េកាំងគួរតែប្រកាន់ គោលជំហរអព្យាក្រឹត... ក៏ប៉ុន្តែបើសិនជាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បើកការវាយប្រហារ ឬព្យាយាមផ្ដួលរំលំរបបដឹកនាំទីក្រុងព្យុងយ៉ាង ឬក៏ចង់ផ្លាស់ប្ដូរលំនាំនយោបាយ នៅលើឧបទ្វីបកូរ៉េ ដាច់ខាតចិនត្រូវតែចេញមុខរារាំង»។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ យោធាកូរ៉េខាងជើងបានព្រមានបាញ់គ្រាប់មីស៊ីលរយៈចំងាយមធ្យម ០៤គ្រាប់ ទៅកាន់តំបន់ក្បែរកោះហ្គាំ (Guam) របស់សហរដ្ឋអាមេរិក ហើយថាគំរាងវាយប្រហារនេះអាចនឹងត្រូវបញ្ចប់នៅពាក់កណ្ដាលខែសីហា ដើម្បីបញ្ជូនឱ្យលោក គីម ជុងអ៊ុន សម្រេចចិត្តចុងក្រោយ។ ក៏ប៉ុន្តែនេះមិនមែនជាលើកទីមួយឡើយដែលកូរ៉េខាងជើង និងសហរដ្ឋអាមេរិក គំរាមវាយប្រហារដាក់គ្នាទៅវិញទៅមកបែបនេះ៕