(ម៉ានីល)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៣រ៉ិចទ័រ (ពីដំបូង៦.៦រ៉ិចទ័រ) ដែលបានវាយលុកលើក្រុង Nasugbu ក្នុងខេត្ត Batangas និងតំបន់មួយចំនួនទៀត នៃកោះ Luzon នោះទំនងជាមិនបានបង្កការបំផ្លិចបំផ្លាញ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សនោះឡើយ ដោយសារតែវាមានជម្រៅជ្រៅខ្លាំង។ នេះបើតាមការចេញផ្សាយដោយស្ថានីយ៍ទូរទស្សន៍ CNN នៅរសៀលថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។
វិទ្យាស្ថានស្ទាបស្ទង់បន្ទុះភ្នំភ្លើង និងគ្រោះរញ្ជួយផែនដីហ្វីលីពីនហៅកាត់ថា Phivolcs បានឲ្យដឹងថា គ្រោះធម្មជាតិនេះ បានកើតឡើងចំតំបន់មួយជាប់ទីក្រុង Nasugbu ចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ ពីរដ្ឋធានីម៉ានីលនារសៀលថ្ងៃសុក្រនេះ នៅជម្រៅដ៏សែនជ្រៅគ្រាប់ផ្ទៃដី ដល់ទៅ ១៦០គីឡូម៉ែត្រឯណោះ។ ហេតុដូច្នេះហើយ អ្នកជំនាញផ្នែកវិទ្យាសាស្រ្ត លោក Rhommel Prutas បានលើកឡើងថា ដោយសារតែគ្រោះរញ្ជួយដីនេះជ្រៅខ្លាំង វាទំនងជាមិនបានបង្កការបំផ្លិចបំផ្លាញ ឬគ្រោះថ្នាក់អ្វីឡើយ។
ទោះបីជាបែបនេះក្តី ហេតុការណ៍រញ្ជួយផែនដីកម្រិតធ្ងន់នេះ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបង្ខំឲ្យមនុស្សម្នាជាច្រើន ភៀសខ្លួនចេញពីអគារនានាទៅរកតំបន់សុវត្ថិភាព ហើយសាលារៀន និងការិយាល័យធ្វើការជាច្រើននៅតាមតំបន់ទទួលរងឥទ្ធិពល ក៏ត្រូវបានផ្អាកការសិក្សា ក៏ដូចជាការងារជាបណ្តោះអាសន្នសិនដែរ៕