(ហាណូយ)៖ សកម្មភាពចរាចរណ៍នៃយានជំនិះដ៏ច្រើនលើសលប់ កំពុងតែបំពុលបរិយាកាសកាន់តែខ្លាំងឡើងៗ នៅតាមទីក្រុងធំៗរបស់វៀតណាម ដូចជាហូជីមិញ និងហាណូយជាដើម។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។
ក្រសួងបរិស្ថាន និងធនធានធម្មជាតិវៀតណាមបានលើកឡើងថា ដើម្បីកាត់បន្ថយការបំពុលបរិយាកាស រដ្ឋាភិបាលវៀតណាម គួរតែបន្តខិតខំអភិវឌ្ឍន៍មធ្យោបាយធ្វើដំណើរសម្រាប់សាធារណៈ និងដាក់ចេញនូវវិធានអន្តរជាតិតឹងរ៉ឹងជាងមុន សម្រាប់ការបញ្ចេញផ្សែងពុលពីយានយន្ត។ ជាមួយគ្នានេះ អាជ្ញាធរទីក្រុងហាណូយ កាលពីដើមខែកក្កដាកន្លងទៅ ក៏បានចេញសេចក្តីសម្រេចថា នឹងដាក់បំរាមហាមឃាត់ លែងឲ្យមានការចរាចរណ៍ទោចក្រយានយន្ត (ម៉ូតូ) នៅតាមដងផ្លូវក្នុងទីក្រុងតទៀតផងដែរ គិតចាប់ពីឆ្នាំ២០៣០ខាងមុខទៅ ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាការបញ្ចេញផ្សែងពុល។
គួរបញ្ជាក់ថា បើតាមការឲ្យដឹងពីអនុប្រធានរងនៃរដ្ឋបាលបរិស្ថានវៀតណាម ៦០ ទៅ ៧០ភាគរយ នៃការបំពុលខ្យល់នៅក្នុងទីក្រុងធំរបស់ប្រទេសវៀតណាម គឺបង្កឡើងដោយសារតែសកម្មភាពធ្វើចរាចរណ៍របស់យានជំនិះ។ ទោះបីជាមានការចេញនយោបាយកាត់បន្ថយចំនួនប្រជាជន នាទសវត្សរ៍ចុងក្រោយនេះក៏ដោយ ក៏ចំនួនប្រជាជនវៀតណាមនៅតែកើនឡើងជាលំដាប់ ដោយកាលពីឆ្នាំ២០១៦ ប្រជាជនវៀតណាមសរុបមាន ៩២.៧លាននាក់ ដូច្នេះហើយទើបកំណើននៃការប្រើប្រាស់យានយន្ត កើនឡើងកាន់តែខ្ពស់៕