(អឺរ៉ុប)៖ បន្ទាប់ពីបានរកឃើញជាលើកដំបូងចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះនោះ អាចម៍ផ្កាយមួយដុំមានឈ្មោះថា «TC4» ត្រូវគេព្យាករណ៍ថា នឹងហោះកាត់ផែនដីនៅរយៈចម្ងាយត្រឹមតែ ៤៤,០០០គីឡូម៉ែត្រប៉ុណ្ណោះ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ។ នេះបើតាមការឲ្យដឹងពីមន្រ្តីទីភ្នាក់ងារអវកាសអឺរ៉ុប ESA ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។
ចម្ងាយជាងបួនម៉ឺនគីឡូម៉ែត្រនេះ មើលទៅហាក់បីដូចជាឆ្ងាយខ្លាំងណាស់ ក៏ប៉ុន្តែវាជិតជាងចម្ងាយរវាងភពផែនដី និងព្រះច័ន្ទដល់ទៅ ០៨ដងឯណោះ ហើយក្រុមអ្នកវិទ្យាសាស្រ្ត បានឲ្យដឹងថា អាចម៍ផ្កាយនេះនឹងហោះឆ្លងកាត់កៀកយើង នៅក្នុងរយៈចម្ងាយល្មមត្រឹមមិនប៉ះជាមួយផ្កាយរណប ដែលនៅឆ្ងាយជាងគេប៉ុណ្ណោះ។ លោក Rolf Densing ប្រធានមជ្ឈមណ្ឌលប្រតិបត្តិការអវកាសអឺរ៉ុបនៅអាល្លឺម៉ង់ បានឲ្យដឹងថា «វាកៀកខ្លាំងមែនទែន ខណៈផ្កាយរណបអមផែនដីនៅឆ្ងាយជាងគេបង្អស់នោះ មានចម្ងាយត្រឹមតែ ៣៦,០០០គីឡូម៉ែត្រ ប៉ុណ្ណោះ»។
គួរបញ្ជាក់ថា TC4 ជាមួយមុខកាត់ចន្លោះពី ១៥ម៉ែត្រទៅ ៣០ម៉ែត្រ មានទំហំស្រដៀងទៅនឹងអាចម៍ផ្កាយ ដែលបានផ្ទុះនៅលើទីក្រុង Chelyabinsk ប្រទេសរុស្ស៊ីកាលពីឆ្នាំ២០១៣។ ទោះបីជាអង្គការ NASA បានប៉ាន់ប្រមាណថា អាចម៍ផ្កាយឆ្នាំ២០១៣នោះ មានទម្ងន់ប្រហែល ៧,០០០តោន ក្រុមអ្នកវិទ្យាសាស្រ្តបានអះអាងថា វាបានផ្ទុះឡើងក្នុងកម្រិតកម្លាំងស្មើនឹងគ្រាប់បែកបរមាណូ ទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុនដល់ទៅ ២០ដង។ យ៉ាងណាមិញអាចម៍ផ្កាយ TC4 នឹងមិនបង្កគ្រោះថ្នាក់ដល់ភពផែនដីនោះឡើយ នៅក្នុងអំឡុងនៃការហោះកាត់របស់វា៕