(កង់បេរ៉ា)៖ ដោយសារសន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការយោធា អូស្រ្តាលីនឹងដើរតាមសហរដ្ឋអាមេរិក ទៅក្នុងភ្លើងជម្លោះគ្រប់ទម្រង់ទាំងអស់ ជាមួយនិងកូរ៉េខាងជើង។ នេះបើតាមសម្តីរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ម៉ាខូម ធើនបាល់ (Malcolm Turnbull) ដកស្រង់ដោយទីភ្នាក់ងារចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។
ក្រោយពីបានពិភាក្សាលើបញ្ហាជាមួយ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក រិច ធីល្លឺសុន (Rex Tillerson) លោក Turnbull បានថ្លែងប្រាប់វិទ្យុក្នុងស្រុកមួយថា ប្រទេសអូស្រ្តាលីនឹងលូកដៃជួយសហរដ្ឋអាមេរិកភ្លាម ប្រសិនបើជម្លោះណាមួយផ្ទុះឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង។ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងឈរប្រកៀកស្មាគ្នាជាមួយអាមេរិក ដូច្នេះសូមជ្រាបឲ្យច្បាស់ថា នៅក្នុងករណីដែលមានការវាយប្រហារទៅលើសហរដ្ឋអាមេរិក សន្ធិសញ្ញា ANZUS នឹងត្រូវគោរពប្រតិបត្តិតាម ហើយអូស្រ្តាលីនឹងទៅជួយសហរដ្ឋអាមេរិក ដូចអ្វីដែលសហរដ្ឋអាមេរិក នឹងធ្វើដូចគ្នាអ៊ីចឹង បើសិនជាទីក្រុងកង់បេរ៉ារងការវាយប្រហារវិញនោះ។»
ការអត្ថាធិប្បាយនេះរបស់ លោក Turnbull ត្រូវបានធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងបានគំរាមវាយប្រហារ ដោយការបាញ់មីស៊ីលព្រមានទៅលើកោះហ្គាំ (Guam) ដែលជាតំបន់រដ្ឋបាលមួយរបស់សហរដ្ឋអាមេរិកនៅលើមហាសាគរប៉ាស៊ីហ្វិក និងមិនឆ្ងាយប៉ុន្មានពីឧបទ្វីបកូរ៉េនោះឡើយ ដោយសារការប្រើប្រាស់ពាក្យសម្តីធ្ងន់ៗ ពីសំណាក់លោក ដូណាល់ ត្រាំ។
គួរបញ្ជាក់បន្ថែមថា សន្ធិសញ្ញាសន្តិសុខអូស្រ្តាលី-នូវែលសេឡង់-អាមេរិក (ANZUS) គឺជាកិច្ចព្រមព្រៀងសន្តិសុខមួយ ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសទាំងបី កាលពីឆ្នាំ១៩៥១ ដោយវាទាមទារឲ្យមានកិច្ចសហប្រតិបត្តិការត្រីភាគី ពាក់ព័ន្ធនឹងបញ្ហាយោធានៅតំបន់ប៉ាស៊ីហ្វិក៕