(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអរគុណដល់សមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន សម្រាប់ការបណ្ដេញមន្ត្រីទូតអាមេរិក ៧៥៥នាក់ ចេញពីប្រទេសដោយលោកយល់ថា ការចាត់វិធានការសងសឹកបែបនេះរបស់ទីក្រុងម៉ូស្គូ នឹងជួយឱ្យសហរដ្ឋអាមេរិកសន្សំសំចៃការចំណាយប្រាក់ខែ លើមន្ត្រីទូតអាមេរិកទំាងនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។
ការថ្លែងខាងលើរបស់លោក ត្រាំ ធ្វើឡើងនៅក្នុងបរិបទដែលទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ធា្លក់ចុះដុនដាបបំផុត គិតចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក ក្រោយលោក ប្រធានាធិបតីរុស្ស៊ី ពូទីន បានសម្រេចចិត្តបណ្ដេញមន្ត្រីទូតអាមេរិក ៧៥៥នាក់ ចេញពីប្រទេស ជាការសងសឹកទៅនឹងទីក្រុងវ៉ាស៊ីនតោន ដែលបានសម្រេចចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មី ប្រឆាំងនឹងទីក្រុងម៉ូស្គូ ជុំវិញសំណុំរឿងចោទប្រកាន់ថា បានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។
ទោះបីយ៉ាងណាក៏ដោយ ថ្លែងពីទីលានវាយកូនហ្គោល Bedminster នៃរដ្ឋ New Jersey លោក ត្រាំ បែរជាអរគុណ លោក ពូទីន ចំពោះការចាត់វិធានការបែបនេះទៅវិញ។ ប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងដូច្នេះថា «ខ្ញុំពិតជាអរគុណ គាត់ (លោក ពូទីន) ណាស់សម្រាប់ការកាត់បន្ថយបុគ្គលិកទូតអាមេរិកក្នុងចំនួនដ៏ច្រើន ពីព្រោះវានឹងជួយឱ្យយើងអាចសន្សំសំចៃការចំណាយប្រាក់ខែ លើមន្ត្រីទូតអាមេរិកទំាងនេះ... ហើយម្យ៉ាងវិញទៀត វាក៏គ្មានហេតុផលច្បាស់លាស់សម្រាប់ពួកគេត្រឡប់ទៅវិញដែរ»។
គួរបញ្ជាក់ថា គេមិនទាន់ដឹងពីចេតនាពិតប្រាកដដែល លោក ដូណាល់ ត្រាំ និយាយបែបនេះនោះទេ រីឯក្រសួងការបរទេសអាមេរិក ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីដែរ។ លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្តបណ្ដេញមន្ត្រីទូតអាមេរិក ៧៥៥នាក់ ក្នុងចំណោមមន្ត្រីស្ថានទូត និងស្ថានកុងស៊ុលអាមេរិកប្រចាំរុស្ស៊ី ១,២០០នាក់ ចេញពីប្រទេសនៅត្រឹមខែកញ្ញាខាងមុខនេះ បន្ទាប់ពី លោក ដូណាល់ ត្រាំ ចុះហត្ថលេខាដោយស្ទាក់ស្ទើរ លើសេចក្ដីព្រាងច្បាប់ដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូ៕