(ម៉ូស្គូ)៖ បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតកីឡាយោធាអន្តរជាតិ (IAG) ឆ្នាំ២០១៧នេះ បានប្រព្រឹត្តទៅអស់រយៈពេល ១០ថ្ងៃ ហើយនោះ ប្រទេសរុស្ស៊ីកំពុងតែនាំមុខគេនៅក្នុងចំណោម បណ្តាអ្នកចូលរួមដទៃៗទៀត ខណៈកាហ្សាក់ស្ថានឈរនៅលេខរៀងទីពីរ និងចិនកំពុងកាន់តំណែងលេខបី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។
យោងតាមតារាងចំណាត់ថ្នាក់ជាបឋមនៃអ្នកចូលរួម IAG-2017 ក្រោយការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល ១០ថ្ងៃ ប្រទេសរុស្ស៊ីកំពុងតែឈរនៅលេខរៀងទី០១ ជាមួយមេដាយសរុបចំនួន ១៨ គ្រឿង (មាស១០គ្រឿង, ប្រាក់០៦គ្រឿង, សំរិត០២គ្រឿង) ខណៈកាហ្សាក់ស្ថានឈរនៅលេខពីរ ជាមួយមេដាយមាស ០៣គ្រឿង, ប្រាក់ ០៥គ្រឿង, និងសំរិត ០២គ្រឿង ខណៈចិនឈរនៅលេខបី ជាមួយមេដាយមាស ០២គ្រឿង និងប្រាក់ ០៣គ្រឿង។ ក្រៅពីនេះ បេឡារុស ឈរនៅលេខ ០៤, អេហ្ស៊ីបលេខ ០៥, អ៊ូបេគីស្ថានលេខ ០៦, អ៊ីរ៉ង់លេខ ០៧, អាហ្ស៊ឺបៃហ្សង់ (Azerbaijan) លេខ ០៨។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប្រកួតយោធាអន្តរជាតិ IAG ឆ្នាំ២០១៧នេះ ត្រូវបានប្រារព្ធឡើងដោយមានរុស្ស៊ី, អាហ្ស៊ឺបៃហ្សង់, បេឡារុស, កាហ្សាក់ស្ថាន និងចិន ចាប់ពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ហើយនឹងបន្តប្រព្រឹត្តទៅរហូតដល់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ អ្នកតំណាងមកពី ២៨ប្រទេស កំពុងតែចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ដោយរួមមានទាំងជើងថ្មីចំនួន ០៩ផងដែរ។ ព្រឹត្តិការណ៍ដ៏ធំសម្បើមនេះមានវិញ្ញាសាសរុបចំនួន ២៨៕