(ប៉េកាំង)៖ មនុស្សយ៉ាងហោចណាស់ ៣៦នាក់បានស្លាប់ និង ១៣នាក់រងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យតក់ស្លុតបំផុតមួយ កើតឡើងនៅផ្លូវហាយវ៉េ (ហ្សាន ហានចុង) Xi'an-Hanzhong ស្ថិតនៅភាគពាយ័ព្យនៃខេត្ត (សានស៊ី) Shaanxi ប្រទេសចិនកាលពីយប់ថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរនៅក្នុងតំបន់ គ្រោះថ្នាក់ចរាចរណ៍ដ៏មហាប្រល័យនេះ បានកើតឡើងនៅម៉ោងប្រមាណ ១១៖៣៤នាទីយប់ (ម៉ោងនៅក្នុងតំបន់) នៅពេលដែលរថយន្ដក្រុងមួយគ្រឿងបាន បើកបុកពេញមួយទំហឹងនឹងជញ្ជាំងផ្លូវរូងក្រោមដី (គីងលី) Qinling ស្ថិតនៅលើផ្លូវហាយវ៉េ Xi'an-Hanzhong។
គួរបញ្ជាក់ថា រថយន្ដក្រុងខាងលើនេះធ្វើដំណើរចេញពីទីក្រុង (ចេងឌូ) Chengdu City នៃខេត្ត (ស៊ីឈាន់) Sichuan ឆ្ពោះទៅកាន់ទីក្រុង(លូយ៉ាង) Luoyang នៃខេត្ត (ហេណាន) Henan។ ចំណែកឯរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕