(សេអ៊ូល)៖ ក្រុមសមាជិកសភាអាមេរិកច្រើនជាង ៦០រូប មកពីគណបក្សប្រជាធិបតេយ្យ បានជំរុញឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បញ្ឈប់វោហាសាស្រ្តធ្វើសង្រ្គាម ប្រឆាំងនឹងកូរ៉េខាងជើងរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ខណៈហានិភ័យនៃជម្លោះយោធាកំពុងស្ថិតក្នុងកំរិតខ្ពស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។
នៅក្នុងលិខិតមួយរៀបចំដោយសមាជិសភា លោក John Conyers សមាជិកសភា ៦២រូប ខាងលើ បានបង្ហាញពីក្ដីព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះការគំរាមកំហែងវាយប្រហារកូរ៉េខាងជើង របស់លោក ដូណាល់ ត្រាំ ដែលចង់ធ្វើឱ្យទីក្រុងព្យុងយ៉ាងក្លាយជា «ភ្លើង និងកំហឹង» បើសិនជានៅតែបន្តគំរាមកំហែងដល់សហរដ្ឋអាមេរិកទៀតនោះ។
ក្រុមតំណាងរាស្រ្តទាំង នេះបានគូសបញ្ជាក់ដូច្នេះថា «វោហាសាស្ត្រធ្វើសង្រ្គាមប្រឆាំងកូរ៉េខាងជើ គឺជាការមិនទទួលខុសត្រូវ និងមានគ្រោះថ្នាក់... ដូច្នេះហើយយើងជំរុញឱ្យអ្នក (លោក ធីល្លឺសុន) ធ្វើអ្វីគ្រប់បែប យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យលោកប្រធានាធិបតី ត្រាំ និងក្រុមមន្ត្រីរដ្ឋបាលរបស់លោក យល់ពីសារៈសំខាន់នៃការនិយាយស្ដី ក៏ដូចជាធ្វើសកម្មភាពប្រកបដោយការប្រុងប្រយ័ត្ន និងបញ្ឈប់វោហាសាស្ត្រធ្វើសង្រ្គាមបែបនេះទៀត»។
គួរបញ្ជាក់ថា ក្រុមអ្នកតំណាងរាស្ត្រទាំង ៦២នាក់ ក៏បានសម្ដែងការគាំទ្រផងដែរដល់អំពាវនាវរបស់ លោក រិច ធីល្លឺសុន ដែលមានបំណងរៀបចំកិច្ចចរចាជាមួយកូរ៉េខាងជើង បើទោះជាកូរ៉េខាងជើងគំរាមវាយប្រហារលើកោះហ្គាំ (Guam) ក៏ដោយ៕