(អាមេរិក)៖ ប្រសិនបើប្រទេសកូរ៉េខាងជើង ពិតជាសម្រេចបាញ់គ្រាប់មីស៊ីលផ្លោង សំដៅមកកាន់កោះហ្គាំ (Guam) ដែលជាតំបន់រដ្ឋបាលមួយអាមេរិកនៅប៉ាស៊ីហ្វិកមែននោះ មីស៊ីលទាំងនោះនឹងហោះដល់ភ្លាមក្នុងរយៈពេលត្រឹមតែ ១៤នាទី ប៉ុណ្ណោះ។ នេះបើតាមការអះអាងពីមន្ទីរសន្តិសុខរបស់កោះហ្គាំ ដកស្រង់ដោយសារព័ត៌មានអាមេរិក USA Today នៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។
ដោយបានដកស្រង់សម្តីរបស់ លោកស្រី Janna Gaminde អ្នកនាំពាក្យមន្ទីរសន្តិសុខនៃកោះហ្គាំ សារព័ត៌មាន USA Today បានធ្វើសេចក្តីរាយការណ៍ថា ប្រជាជនទាំងអស់នៅលើកោះហ្គាំ នឹងត្រូវជូនដំណឹងតាមរយៈប្រព័ន្ធបំពងសំឡេងប្រកាសអាសន្ន ប្រសិនបើកូរ៉េខាងជើង សម្រេចផ្លោងមីស៊ីលសំដៅមកមែននោះ។ លោកស្រី Gaminde បានថ្លែងថា ការិយាល័យរបស់យើង នឹងទទួលបានដំណឹងពីយោធាអាមេរិក ហើយប្រើប្រាស់គ្រប់មធ្យោបាយទំនាក់ទំនង ដើម្បីជូនដំណឹងបន្តដល់សាធារណជន។
គួរបញ្ជាក់ថា នៅចំពោះមុខសង្រ្គាមពាក្យសម្តីរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោនយោធាកូរ៉េខាងជើង នាព្រឹកថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ខ្លួនកំពុងគ្រោងធ្វើការបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ទៅក្បែរៗកោះហ្គាំ ដែលជាទីតាំងយុទ្ធសាស្រ្តដ៏សំខាន់ នៃមូលដ្ឋានទ័ពជើងទឹក និងជើងអាកាសរបស់សហរដ្ឋអាមេរិក នៅពាក់កណ្តាលខែសីហានេះ ដោយរង់ចាំតែការបញ្ជាឲ្យបាញ់ពី លោក គីម ជុងអ៊ុន ប៉ុណ្ណោះដើម្បីវាយប្រហារតែម្តង។
យ៉ាងណាមិញអភិបាលកោះហ្គាំ លោក Eddie Baza Calvo បានចេញមុខអះអាងថា ពិតជាមានការព្រួយបារម្ភ ប៉ុន្តែមិនតក់ស្លុត ចំពោះការគំរាមវាយប្រហារដោយគ្រាប់មីស៊ីល ពីកូរ៉េខាងជើងនោះទេដោយសម្អាងលើហេតុផលថា នេះលើកទី ០៣ ឬជាលើកទី ០៤ ហើយដែលកូរ៉េខាងជើងគំរាមវាយប្រហារកោះហ្គាំ គិតចាប់តាំងពីឆ្នាំ២០១៣ មកម្ល៉េះនោះ៕