(សេអ៊ូល)៖ ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង (NSC) បានជំរុញយ៉ាងពេញទំហឹងឱ្យកូរ៉េខាងជើង បញ្ឈប់រាល់សកម្មភាពបង្ករឿងទំាងឡាយជាបន្ទាន់ ហើយងាកត្រឡប់មករកតុចរចាវិញ ដោយថែមទំាងនិយាយទៀតថា ទ្វារចរចានៅតែបើកជំហរ បើសិនជាទីក្រុងព្យុងយ៉ាងយល់ព្រមសហការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Soo-hyun បានគូសបញ្ជាក់យ៉ាងដូច្នេះថា «NSC បានកត់សម្គាល់ថា ស្ថានភាពសន្តិសុខនៅលើតំបន់ឧបទ្វីបកូរ៉េ ធ្លាក់ចូលក្រោមការគំរាមកំហែងធ្ងន់ធ្ងរ ដោយសារតែការបង្ករឿង និងគំរាមកំហែងម្ដងហើយម្ដងទៀត របស់កូរ៉េខាងជើង... ក៏ប៉ុន្តែឱ្យតែកូរ៉េខាងជើងយល់ ព្រមសហការបញ្ឈប់ការធ្វើសកម្មភាពបង្ករឿង នោះទ្វារចរចានឹងនៅតែបើកចំហជានិច្ច»។
គួរបញ្ជាក់ថា ការអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពបង្ករឿង ជាពិសេសការធ្វើតេស្ដមីស៊ីលផ្លោង កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងគំរាមវាយប្រហារលើកោះហ្គាំ (Guam) សាជាថ្មី ហើយថា ផែនការនេះនឹងត្រូវបញ្ចប់ឱ្យបានមុនពាក់កណ្ដាលខែសីហានេះ ដើម្បីបញ្ជូនបន្តទៅ លោក គីម ជុងអ៊ុន ធ្វើការត្រួតពិនិត្យ និងចេញបញ្ជាតែម្តង៕