(វ៉ាស៊ីនតោន)៖ ការសិក្សាស្រាវជ្រាវមួយបានអះអាងថា សត្វដាយណូស័រអម្បូរថ្មីមួយប្រភេទ មានទំហំដ៏សែនធំមហិមាជាងគេបង្អស់ ដែលបើយកទៅធៀបជាមួយ និងដាយណូស័រស៊ីសាច់ជាអាហារ Tyrannosaurus Rex ឬ T-Rex ដ៏កំណាចគួរឲ្យខ្លាចវិញនោះគឺ T-Rex ប្រៀបដូចជាកូនដាយណូស័រតូចមួយអ៊ីចឹង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Independent នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។
ហ្វូស្ស៊ីល (Fossil) របស់សត្វដាយណូស័រនេះ ត្រូវបានគេរកឃើញនៅភាគខាងត្បូងប្រទេសអាហ្សង់ទីន កាលពីឆ្នាំ២០១២ ហើយនាពេលថ្មីៗនេះ ក្រុមអ្នកស្រាវស្រាវ ដែលបានធ្វើការត្រួតពិនិត្យ និងកំណត់អាយុកាលឲ្យពួកវានោះបាននិយាយថា សត្វដែលមានក៏ដ៏វែងនេះ គឺធំជាងគេបំផុត នៅក្នុងចំណោមក្រុមសត្វដាយណូស័រយក្សស៊ីរុក្ខជាតិជាអាហារ ដែលគេហៅថា Titansosars។
ក្រុមអ្នកស្រាវជ្រាវបានដាក់ឈ្មោះឲ្យសត្វដាយណូស័រនេះថា «Patagotitan Mayorum» តាមតំបន់ Patagonia ដែលបានរកឃើញគ្រោងឆ្អឹងរបស់វា និងពាក្យ Titan របស់ក្រិចដែលមានន័យថាធំ ហើយឈ្មោះទីពីររបស់វា គឺដើម្បីជាការគោរពដល់ក្រុមគ្រួសារមួយ ដែលបានផ្តល់ទីកន្លែងស្នាក់អាស្រ័យបណ្តោះអាសន្នដល់ក្រុមការងារក្នុងបេសកកម្មស្រាវជ្រាវនេះ។
ហ្វូស្ស៊ីលចំនួន ០៦ របស់វាត្រូវបានគេសិក្សាថា មានអាយុកាលប្រមាណជា ១០០លានឆ្នាំហើយ ដោយផ្អែកទៅលើកម្ទេចផេះនៅជុំវិញពួកវា។ សត្វដាយណូស័រ Patagotitan ត្រូវគេជឿជាក់ថា មានទម្ងន់ប្រហែល ៦២តោន និងកម្ពស់ជិត ០៦ម៉ែត្រ គិតត្រឹមស្មារបស់វា ហើយបើវាស់ចាប់ពីក្បាលដល់ចុងកន្ទុយមានប្រវែងយ៉ាងតិច ៣៧ម៉ែត្រឯណោះ។
បើសិនជាអ្នកពិបាកក្នុងការស្រមៃចេញជារូបភាពរបស់វាគួរជ្រាបថា ដាយណូស័រ Patagotitan មានទំហំប៉ុនសត្វដំរីប្រហែល ០៧ក្បាល, ធំជាងរថយន្តក្រុងពីរគ្រឿងទៅទៀត ឬក៏ប្រហាក់ប្រហែលនឹងពាក់កណ្តាល នៃទទឹងរបស់ស្តាតបាល់ទាត់ទូទៅមួយ ដែលវាវែងជាងដាយណូស័រ Brachiosaurus និងត្រីបាឡែនខៀវយក្សសព្វថ្ងៃទៅទៀត ដោយសត្វទាំងពីរប្រភេទនេះមានប្រវែងអតិប្បរមាត្រឹម ៣០ម៉ែត្រ អីតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា Patagotitan ក៏មានគូប្រជែងសម្រាប់តំណែងជាសត្វលើកគោកធំជាងគេបង្អស់ផងដែរ ដោយសត្វដាយណូស័រស្រដៀងគ្នានេះ មានឈ្មោះថា Argentinosaurus ត្រូវបានគេគណនាថា មានទម្ងន់លើសពី ៨០តោន ក៏ប៉ុន្តែតាមពិតទៅវាមានទំហំតូចជាង Patagotitan ១០ភាគរយ៕