(ប៉េកាំង)៖ ចំនួនមនុស្សស្លាប់បានកើនដល់ ២០នាក់ និងរបួស ៤៣១នាក់ បន្ទាប់ពីគ្រោះរញ្ជួយផែនដីកក្រើកកម្រិត ៧.០រ៉ិចទ័រ បានវាយប្រហារក្នុងខេត្ត Sichuan ភាគនិរតីប្រទេសចិន កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់កើតហេតុ ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។
ដោយឡែកមនុស្សចំនួន ១៨នាក់ ក្នុងចំណោមអ្នកដែលបានទទួលរងរបួសទាំងជាង ៤០០នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។ ជាមួយគ្នានេះភ្ញៀវទេសចរច្រើនជាង ៥០,០០០នាក់ ក្នុងនោះមានជនបរទេស ១២៦នាក់ ត្រូវបានជម្លៀសខ្លួនជាបន្ទាន់ បន្ទាប់ពីគ្រោះធម្មជាតិដ៏អាក្រក់នេះ បានអង្រួនស្រុក Jiuzhaigou កាលពីវេលាម៉ោង ៩៖១៩នាទី យប់ថ្ងៃអង្គារកន្លងទៅ ពីជម្រៅ ២០គីឡូម៉ែត្រ ក្រោមផ្ទៃដី។
គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ជាច្រើនក្នុងចំណោមជនរងគ្រោះ ដែលបានបាត់បង់ជីវិតទាំង ២០នាក់ មានភ្ញៀវទេសចរយ៉ាងតិច ០៨នាក់ ផងដែរ៕