(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក អ៊ីតស៊ូណូរិ អូណូដេរ៉ា (Itsunori Onodera) នាថ្ងៃព្រហស្បតិ៍នេះបានថ្លែងថា ប្រទេសរបស់លោកមានលទ្ធភាព អាចបាញ់ទម្លាក់គ្រាប់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដែលបាញ់សំដៅទៅកាន់កោះហ្គាំ (Guam) របស់សហរដ្ឋអាមេរិកបាន ប្រសិនបើមីស៊ីលទាំងនោះ រត់ឆ្លងកាត់ដែនអាកាសនៃប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។
នាថ្ងៃដដែលនេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានធ្វើសេចក្តីរាយការណ៍ថា យោធាកូរ៉េខាងជើង គ្រោងនឹងបង្ហើយផែនការវាយប្រហាររបស់ខ្លួន នៅត្រឹមពាក់កណ្តាលខែសីហានេះ ពោលគឺក្នុងអំឡុងពេលប៉ុន្មានថ្ងៃខាងមុខតែម្តង ដើម្បីបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមប្រភេទ Hwasong-12 ឆ្ពោះទៅកាន់ដែនសមុទ្រកៀកនឹងកោះហ្គាំ ដែលជាទីជម្រកនៃមូលដ្ឋានយោធាជើងទឹក និងជើងអាកាស របស់អាមេរិក រួមជាមួយនិងប្រព័ន្ធសព្វាវុធសំខាន់ៗ រួមមានយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-1B, យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត B-52, និងខែលការពារមីស៊ីល THAAD ជាដើម។ បើតាមការរៀបរាប់របស់ KCNA មីស៊ីល Hwasong-12 ចំនួនបួនគ្រាប់នឹងហោះឆ្លងកាត់ខេត្តក៏ដូចជាក្រុងចំនួនបី របស់ជប៉ុន ហើយទៅធ្លាក់ក្នុងដែនសមុទ្រចម្ងាយប្រមាណ ៣០ ឬ ៤០គីឡូម៉ែត្រ ពីកោះមួយនេះ។
កូរ៉េខាងជើងបានអះអាងថា ទង្វើនេះមានគោលដៅ ដើម្បីព្រមានក៏ដូចជាកំញើញកងកម្លាំងសត្រូវនៅក្នុងមូលដ្ឋានយោធានៅលើកោះហ្គាំ និងដើម្បីធ្វើជាការព្រមានដ៏សំខាន់មួយ ចំពោះមហាអំណាចអាមេរិកទាំងមូលតែម្តង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមខ្លាំងៗដល់ទីក្រុងព្យុងយ៉ាង និងការដាក់ទណ្ឌកម្មជាឯកច្ឆ័ន្ទពីសំណាក់ក្រុមប្រឹក្សាសន្តិសុខ UN៕