(អាមេរិក)៖ ក្រោយពីបានចំណាយពេលធ្វើការស្រាវជ្រាវជាងមួយឆ្នាំមក ក្រុមអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា ការសិក្សាថ្មីមួយបង្ហាញថា អាចមានប្រហោងខ្មៅ (Black Hole) ដល់ទៅចំនួន ១០០លាន កំពុងតែរសាត់អណ្តែតនៅក្នុងកាឡាក់ស៊ី Milky Way របស់យើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។
អ្នកប្រហែលជាគិតថា វត្ថុដ៏អាថ៌កំបាំងដែលមានកម្លាំងទំនាញដ៏ខ្លាំងក្លានេះថា ជារឿងដ៏កម្រក៏ប៉ុន្តែរបកគំហើញនាពេលថ្មីៗនេះបានផ្តល់តំរុយថា កាឡាក់ស៊ី Milky Way របស់យើង អាចជាជម្រកនៃប្រហោងខ្មៅដល់ទៅ ១០០លាន ឯណោះ។ លោក James Bullock សាស្រ្តាចារ្យមកពីសាកលវិទ្យាល័យកាលីហ្វរញ៉ា នៃសហរដ្ឋអាមេរិក បានឲ្យដឹងថា «ទីបំផុតពួកយើងអាចគណនាឃើញពីចំនួនប្រហោងខ្មៅធំៗ ដែលមានវត្តមាននៅក្នុង Milky Way ហើយវាមានដល់ទៅខ្ទងរាប់លានឯណោះ ដែលហួសពីការស្មានរបស់ខ្ញុំ»។
គួរបញ្ជាក់ថា ប្រហោងខ្មៅជាច្រើនត្រូវគេជឿជាក់ថា គឺជាលទ្ធផលចេញពីការដង្ហើមចុងក្រោយរបស់ផ្កាយ នៅចុងបញ្ចប់នៃជីវិតរបស់ពួកគេ ហើយដោយសារតែព័ត៌មានដែលគេបានដឹងអំពីបណ្តាផ្កាយទាំងអស់នេះ ក្រុមអ្នកវិទ្យាសាស្រ្ត ក៏ធ្វើការប៉ាន់ប្រមាណអំពីចំនួនរបស់ប្រហោងខ្មៅ ដែលគួរតែមានវត្តមានបាន៕