(ហ្គាំ)៖ អភិបាលកោះហ្គាំ( Guam) លោក អ៊ែដឌី បាហ្សា កាល់វ៉ូ (Eddie Baza Calvo) បាននិយាយថា តំបន់រដ្ឋបាលអាមេរិកមួយនេះក្នុងតំបន់ប៉ាស៊ីហ្វិក ពិតជាមានការព្រួយបារម្ភ ប៉ុន្តែមិនតក់ស្លុត ចំពោះការគំរាមវាយប្រហារដោយគ្រាប់មីស៊ីលពីកូរ៉េខាងជើងនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ លោក Calvo បានជំរុញឱ្យប្រជាជនអាមេរិក ១៦០,០០០នាក់ និងភ្ញៀវទេសចរណ៍ទាំងអស់នៅលើកោះហ្គាំ រស់នៅដូចធម្មតាពីព្រោះមានកងទ័ពអាមេរិកនៅចាំការពារ រួចជាស្រេច។ អភិបាលរូបនេះ បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ Fox News កាលពីថ្ងៃពុធយ៉ាងដូច្នេះថា «ជាការពិតរដ្ឋបាលរបស់យើង និងប្រជាជនលើកោះ Guam មានការព្រួយបារម្ភ ចំពោះការគំរាមវាយប្រហារពីកូរ៉េខាងជើង ប៉ុន្តែយើងមិនមានការភិតភ័យអ្វីនោះទេ ពីព្រោះសហគមន៍អាមេរិក ដូចជា Guam ក៏ដូចជាសហគមន៍អាមេរិកផ្សេងទៀត នឹងត្រូវបានការពារដោយកងទ័ពអាមេរិក»។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះកូរ៉េខាងជើង បានគំរាមវាយប្រហារលើកោះហ្គាំសាជាថ្មី ដោយថែមទាំងនិយាយទៀតថា ផែនការនេះនឹងត្រូវបញ្ចប់ឱ្យបានមុនពាក់កណ្ដាលខែសីហានេះ ដើម្បីបញ្ជូនបន្តទៅ លោក គីម ជុងអ៊ុន ចេញបញ្ជា។ ប៉ុន្តែលោក Eddie Baza Calvo ថានេះលើកទី០៣ ឬជាលើកទី០៤ ហើយដែលកូរ៉េខាងជើង គំរាមវាយប្រហារកោះហ្គាំចាប់តាំងពីឆ្នាំ២០១៣មក៕