(វ៉ាស៊ីនតោន)៖ ខណៈមានភាពតានតឹងជាមួយចិននៅសមុទ្រចិនខាងត្បូង ទីក្រុងហាណូយបានសម្រេចចិត្តបោះដៃទៅរកសហរដ្ឋអាមេរិក ដោយទុកអតីតកាលជូរចត់នៅមួយឡែកសិន តាមរយៈការបង្ហាញពីចេតនាចង់ស្ដារទំនាក់ទំនងល្អរវាងគ្នាឡើងវិញ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិវៀតណាម មកកាន់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។
កាលពីថ្ងៃអង្គារកន្លងទៅ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានជួបពិភាក្សាការងាជាមួយសមភាគីវៀតណាម លោក Ngo Xuan Lich នៅឯមន្ទីរបញ្ចកោណ ជាទីដែល លោកបានប្រកាសថា យន្ដហោះផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយគ្រឿង នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនៅឆ្នាំ២០១៨ ខាងមុខនេះ។ «វៀតណាម និងសហរដ្ឋអាមេរិក គោរពអតីតកាលរវាងប្រទេសទំាងពីរ ប៉ុន្តែយើងនៅតែត្រូវធ្វើដំណើរឆ្ពោះទៅរកអនាគតជាមួយនឹងគ្នា ហើយទីក្រុងវ៉ាស៊ីន តោនស្វាគមន៍ការចូលរួមរបស់វៀតណាម និងការធំធាត់នៃភាពជាមេដឹកនាំនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។ នេះបើតាមការលើកឡើងរបស់ លោក James Mattis ដោយរំលឹកពីសង្រ្គាមវៀតណាម។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងវៀតណាមកំពុងកើនឡើងកម្ដៅសាជាថ្មី បន្ទាប់ពីមានសេចក្ដីរាយការណ៍កាលពីខែកក្កដាថា ទីក្រុងហាណូយបានផ្អាកប្រតិបត្តិការខួងយកឧស្ម័ន នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ដែលខ្លួនអះអាងថា ជាអធិបតេយ្យភាពរបស់ខ្លួន ក្រោយមានការគំរាមប្រើកម្លាំងយោធាពីទីក្រុងប៉េកាំង។ ម្យ៉ាងវិញទៀត ដោយសារតែភាពតានតឹងនេះដែរ ទើប ទីក្រុងហាណូយ និងទីក្រុងប៉េកាំង បានលុបចោលជំនួបនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅហ្វីលីពីនកាលពីសប្ដាហ៍មុន ស្របពេលក្រុមអ្នកជំនាញព្រួយបារម្ភខា្លចក្រែងថា ជម្លោះនៅសមុទ្រចិនខាងត្បូង អាចនឹងទាញឱ្យចិន និងសហរដ្ឋអាមេរិក ប្រឈមមុខដាក់គ្នាដោយផ្ទាល់នៅថ្ងៃណាមួយ៕