(ប៊ែរឡាំង)៖ ជាលើកដំបូងហើយដែលរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក ស៊ីជម៉ា ហ្គាប្រៀល (Sigmar Gabriel) បានចេញមុខជំរុញឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់វោហាស័ព្ទ គំរាមធ្វើសង្រ្គាមដាក់គ្នាទៅវិញទៅមក បើទោះជាអ្នកជំនាញខ្លះយល់ថា នេះគឺជាសង្រ្គាមពាក្យសម្ដីអត់ប្រយោជន៍ក៏ដោយ ក៏ប៉ុន្តែកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោក Sigmar Gabriel ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃពុធ។ លោក Gabriel បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងជំរុញឱ្យភាគីទាំងអស់ប្រកាន់ឥរិយាបថធម្មតា ...ត្បិតការប្រើប្រាស់កម្លាំងយោធាមិនមែនជាជម្រើសល្អ ក្នុងការដោះស្រាយបញ្ចប់បញ្ហានុយក្លេអ៊ែរនៅលើឧបទី្វបកូរ៉េនោះទេ»។ បន្ថែមពីលើនេះ នៅក្នុងសេចក្ដីថ្លែងការណ៍នេះដដែល លោក Gabriel ក៏បានអំពាវនាវឱ្យមានការចូលរួមបន្ថែមអនុវត្តន៍ទណ្ឌកម្មអង្គការសហប្រជាជាតិ ប្រឆាំងនឹងកូរ៉េខាងជើង តែព្រមពេលជាមួយគ្នា លោកនៅតែ គាំទ្រលើសំណើរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលចង់រៀបចំកិច្ចចរចាជាមួយទីក្រុងព្យុងយ៉ាង នៅពេលវេលាសាកសមណាមួយ។
គួរបញ្ជាក់ថា បន្ទាប់ពីការព្រមានប្រើប្រាស់កម្លាំងយោធាពី លោក ដូណាល់ ត្រាំ កូរ៉េខាងជើងជាថ្មីម្ដងទៀត នៅថ្ងៃព្រហស្បតិ៍នេះ បានគំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅលើកោះ (ហ្គាំ) Guam ហើយថា ផែនការវាយប្រហារនេះនឹងបញ្ចប់ឲ្យបានមុនពាក់កណ្តាលខែសីហានេះ រួចរាយការណ៍ទៅកាន់លោក គីម ជុងអ៊ុន ដើម្បីរង់ចាំបញ្ជា។ ក៏ប៉ុន្តែក្រុមជំនាញមួយចំនួនយល់ថា នេះគ្រាន់តែជាសង្រ្គាមពាក្យសម្ដីតែប៉ុណ្ណោះ ពោលគឺនៅពេលនេះទីក្រុងព្យុងយ៉ាង ពុំទាន់អាចមានសមត្ថភាពគ្រប់គ្រាន់គំរាមកំហែងធ្ងន់ធ្ងរលើសហរដ្ឋអាមេរិក នៅឡើយទេ ខណៈកងទ័ពអាមេរិកជាង ២៨,០០០នាក់ កំពុងឈរជើងស្រាប់នៅកូរ៉េខាងត្បូង។
ជាងនេះទៅទៀត បច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោនមានក្បាលគ្រាប់នុយក្លេអ៊ែរដល់ទៅ ៦,៨០០គ្រាប់ឯណោះ បើធៀប ទៅនឹងកូរ៉េខាងជើងមានតែ ៦០គ្រាប់ប៉ុណ្ណោះ។ ចំណែកឯសហរដ្ឋអាមេរិកវិញ ក៏ពុំទាន់ហ៊ានប្រថុយវាយប្រហារមុនលើកូរ៉េខាងជើងដែរ ពីព្រោះខ្លួនដឹងថា សង្រ្គាមជាមួយកូរ៉េខាងជើងគឺ ជាសង្រ្គាមនុយក្លេអ៊ែរ អាចប្រើរយៈពេលយូរខាតបង់ច្រើន ហើយជាពិសេសនោះចិនក៏នឹងមិនឈរមើល ឱ្យទីក្រុងវ៉ាស៊ីនតោនវាយប្រហារលើទីក្រុងព្យុងយ៉ាងស្រេចតែចិត្តនោះដែរ៕