(ការ៉ាកាស)៖ ប្រទេស វេណេហ្ស៊ូអេឡា កំពុងធ្លាក់ចុះក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ។ ក្រុមបះបោរប្រឆាំងរដ្ឋាភិបាលថ្មីៗនេះបានវាយដណ្តើមយកមូលដ្ឋានយោធា ដែលជាការបង្ហាញចេតនានៃការចង់បះបោរកាន់តែខ្លាំងក្លាឡើងថែមទៀត នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន ABC ចេញផ្សាយនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ។
រហូតមកទល់ពេលនេះ មានមនុស្ស១២០នាក់ហើយដែលបានស្លាប់ ក្នុងពេលធ្វើបាតុកម្មរយៈពេល៤ខែចុងក្រោយនេះ។ ខាងក្រោមជាមូលហេតុដែលនាំឱ្យប្រទេស វេណេហ្ស៊ូអេឡាធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរបែបនេះ៖
១៖ ផ្តើមចេញពីការបោះឆ្នោតជ្រើសរើសលោក នីកូឡាស ម៉ាឌូរ៉ូ៖
លោក ម៉ាឌូរ៉ូ ធ្លាប់ជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសក្នុងឆ្នាំ២០០៦ និងក្លាយជាអនុប្រធានាធិបតីក្នុងឆ្នាំ២០១២ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ឆាវេស ដែលបានស្លាប់ក្នុងឆ្នាំ២០១៣កន្លងទៅនេះ។
ក្រោយមកលោក ម៉ាឌូរ៉ូ បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីក្នុងខែមេសា ឆ្នាំ២០១៣។ ប៉ុន្តែចាប់តាំងពីពេលនោះមកប្រជាប្រិយភាពរបស់លោកត្រូវធ្លាក់ចុះ បន្តិចម្តងៗ ដោយសារវិបត្តិសេដ្ឋកិច្ចសេដ្ឋកិច្ច អតិផរណាកើនឡើងខ្ពស់ កង្វះខាតអាហារ និងឱសថ។ នេះជាផ្នែកមួយដែលបង្កឱ្យមានបាតុកម្មកើតឡើង ដើម្បីទាមទារឱ្យលោកចុះចេញពីដំណែង។
២៖ តុលាការកំពូលព្យាយាមរំលាយសភាជាតិ៖
ក្នុងព្រឹត្តិការណ៍បោះឆ្នោតសភាជាតិឆ្នាំ២០១៥ លទ្ធផលបានបង្ហាញថា បក្សប្រឆាំងបានគ្រប់គ្រងលើសភាវេណេហ្ស៊ូអេឡា។ ប៉ុន្តែជាអកុសលនៅខែមីនា ឆ្នាំ២០១៧នេះ តុលាការកំពូល បានចេញបញ្ជាថា សភាជាតិត្រូវតែរំលាយចោល ក្រោមលេសថា សភានេះបានបំពានលើច្បាប់។
ការពិតទៅតុលាការបានបិទចោលរាល់វិធានការណ៍ និងតួនាទីនានារបស់សភា ចាប់តាំងពីបក្សប្រឆាំងទទួលបានជោគជ័យក្នុងការគ្រប់គ្រងលើសភាមកម្ល៉េះ។
អ្នករិះគន់បាននិយាយថា បទបញ្ជារបស់តុលាការត្រូវបានគេមើលឃើញថា ជាការប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ ហើយបើទោះបីជាតុលាការបានលុបចោទ បទបញ្ជានេះបានភ្លាមៗវិញក្តី ប៉ុន្តែសកម្មភាពបាតុកម្មដែលផ្ទុះឡើងស្ទើរជារៀងរាល់ថ្ងៃនោះ បានបន្តរីកធំឡើងជាលំដាប់ ដើម្បីទាមទាឱ្យមានការ បោះឆ្នោតជ្រើសរើសប្រធានាធិបតីជាថ្មី។
៣៖ រដ្ឋាភិបាល វេណេហ្ស៊ូអេឡា បានបង្កើតស្ថាប័ននីតិបញ្ញត្តិថ្មីដែលមានអំណាចលើសលុប៖
កាលពីសប្តាហ៍មុន រដ្ឋាភិបាលវេណេហ្ស៊ូអេឡា បានបង្កើតសភាធម្មនុញ្ញតាមការបោះឆ្នោត ដែលត្រូវបានគេរំពឹងថា សភានេះនឹងសរសេរច្បាប់ធម្មនុញ្ញជាថ្មី ព្រមទាំងផ្ដល់អំណាចច្រើនលើសលុបដល់បក្សសង្គមនិយមរបស់លោក ម៉ាឌូរ៉ូ។ លោក ម៉ាឌូរ៉ូបានបញ្ជាក់ថា សភាថ្មីគឺជាក្តីសង្ឃឹមតែមួយគត់ ដើម្បីបង្កើតសន្តិភាពឡើងវិញ។ ប៉ុន្តែបក្សប្រឆំាង បានធ្វើពហិកាមិនទទួលយកលទ្ធផលនៃការបោះឆ្នោត កាលពីខែកក្កដាដែលបង្កើតសភាធម្មនុញ្ញថ្មីនោះឡើយ ដោយបញ្ជាក់ថានេះគ្រាន់តែជាល្ខោនបន្លំភ្នែកដើម្បីរក្សាប្រធានាធីបតីឱ្យបន្តក្តោបក្តាប់អំណាចតែប៉ុណ្ណោះ។
សមាជិកសភាថ្មីដែលមានចំនួន៥៤៥រូប បានធ្វើការបោះឆ្នោតយកលោក ម៉ាឌូរ៉ូដើម្បីធ្វើជាមេដឹកនាំរបស់ពួកគេ។ មិនតែប៉ុណ្ណោះសភាធម្មនុញ្ញថ្មីនេះក៏មានសក្តានុពល ក្នុងការបោះឆ្នោតដើម្បី រំលាយសភាជាតិចាស់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់បក្សប្រឆាំងផងដែរ។ ទាំងនេះជាអ្វីដែលធ្វើឱ្យប្រជាពលរដ្ឋ និងបក្សប្រឆាំង សម្តែងការមិនពេញចិត្តជាខ្លាំងទៅលើរដ្ឋាភិបាលវេណេហ្ស៊ូអេឡា។
៤៖ ប្រធានអគ្គរដ្ឋអាជ្ញាវេណេហ្ស៊ូអេឡា ត្រូវបានបណ្តេញចេញពីដំណែង៖
នៅក្នុងកិច្ចប្រជុំដំបូងបំផុតដែលរៀបចំកាលពីចុងសប្តាហ៍កន្លងទៅនេះ សភាធម្មនុញ្ញថ្មីបានដកដំណែងប្រធានរដ្ឋអាជ្ញាវេណេហ្ស៊ូអេឡា គឺលោកស្រី ល្វីហ្សាអូតេហ្កា ព្រមទាំងបញ្ជាឱ្យលោកស្រីទទួលការកាត់ក្តីថែមទៀតផង។ លោកស្រី អូតេហ្គា បានក្លាយជាដៃគូប្រឆាំងដ៏សំខាន់បំផុតរបស់លោកម៉ាឌូរ៉ូ។ លោកស្រីបានចោទ ប្រកាន់លោកថា បានបំពានសិទ្ធមនុស្ស និងបំភាន់លទ្ធផលបោះឆ្នោត ក្នុងការសម្រេចបង្កើតសភាថ្មី។
អ្នកដែលត្រៀមបន្តវេនពីលោកស្រី បានសន្យាថានឹងធ្វើការបង្ក្រាបក្រុមបាតុករ ប៉ុន្តែលោកស្រីអូតេហ្គា បានច្រានចោលការទម្លាក់លោកស្រីចេញពីដំណែង ដោយចាត់ទុកថាវាជារឿងខុសច្បាប់ ព្រមទាំងបញ្ជាក់ថា លោកស្រីនៅតែចាត់ទុកថាខ្លួនលោកស្រីផ្ទាល់ជារដ្ឋអាជ្ញាលំដាប់កំពូលប្រចាំប្រទេស។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលវេណេហ្ស៊ូអេឡា បានដាក់បុគ្គលសំខាន់ពីររូបក្នុងពន្ធធនាគារដែលរិះគន់រដ្ឋាភិបាល នោះគឺតួអង្គបក្សប្រឆាំងលោក លេអូប៉ូល ដូល៉ូបេស និងលោក អែនទីញ៉ូ លេដែសម៉ា ដែលអ្នកទាំងពីរបច្ចុប្បន្នត្រូវបានឃុំឃាំងក្នុងលំនៅដ្ឋានរបស់ខ្លួន។
៥៖ លោក ម៉ាឌូរ៉ូ នៅតែទទួលបានការគាំទ្រពីពួកយោធា៖
មេដឹកនាំបក្សប្រឆាំង បានជម្រុញពួកយោធាឱ្យបញ្ឈប់ការគាំទ្រទៅលើប្រធានាធិបតី ដោយហេតុផលថា លោកកំពុងដឹកនាំប្រទេសឆ្ពោះទៅរករបបផ្តាច់ការ។ ប៉ុន្តែប្រធានាធិបតីជឿជាក់ថា ខ្លួននៅតែទទួលបានការគាំទ្រពីពួកយោធា ដែលទាមទារឱ្យលោក និងមេដឹកនាំមុន គឺលោក ឆាវែស ប្រឹងប្រែងយ៉ាងលំបាក ដើម្បីទ្រទ្រង់វាឡើង។
៦៖ មេដឹកនាំពិភពលោកកំពុងដាក់សម្ពាធលើរដ្ឋាភិបាល វេណេហ្ស៊ូអេឡា៖
សេតវិមានបានបញ្ជាក់ថា លោក ម៉ាឌូរ៉ូ ជាមេដឹកនាំផ្តាច់ការ បន្ទាប់ពីបានកាន់អំណាច ជាក់ស្តែងលោកបានរៀបចំការបោះឆ្នោតបង្កើតសភាធម្មនុញ្ញថ្មីជាដើម។ឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងដាក់ទណ្ឌកម្មហិរញ្ញវត្ថុទៅលើប្រធានាធិបតីរូបនេះ ក្នុងនោះដូចជាការបង្កក់ ទ្រព្យសម្បត្តិនៅក្រៅប្រទេសរបស់លោកដែលរារាំងលោកមិនអាចធ្វើពាណិជ្ចកម្មជាមួយសហរដ្ឋអាមេរិកបានឡើយ។
ជាមួយគ្នានេះដែរនោះ ប្រធានាធិបតីប្រេហ្ស៊ីល លោក មីឆែល ថែម័រ បានលើកឡើងថា វិបត្តិក្នុងប្រទេសជិតខាងរបស់របស់ប្រទេសប្រេហ្ស៊ីល បានបង្កក្តីបារម្ភជាខ្លាំងសម្រាប់លោក ប៉ុន្តែប្រជាពលរដ្ឋរបស់លោកគឺគាំទ្រជានិច្ចចំពោះប្រជាពលរដ្ឋវេណេហ្ស៊ូអេឡា៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា