(បាងកក)៖ កងទ័ពអាកាសថៃកំពុងតែពង្រឹងសមត្ថភាព កងយន្តហោះចម្បាំងរបស់ខ្លួន តាមរយៈការប្រែក្លាយយន្តហោះ F-5E Tigers ទៅជាយន្តហោះចម្បាំងធុន F-5T Super Tigers ជំនាន់ថ្មី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។
បើតាមសេចក្តីប្រកាសរបស់កងទ័ពអាកាសថៃ យន្តហោះចម្បាំងទាំងនេះ នឹងទទួលបានប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ Python-4 និង I Derby, ប្រព័ន្ធរ៉ាដាថ្មី, ប្រព័ន្ធអេឡិចត្រូនិចយុទ្ធសាស្រ្ត, និងប្រព័ន្ធការពារគ្រោះមហន្តរាយដទៃជាច្រើនទៀត។ សេចក្តីប្រកាសដដែលបានគូសបញ្ជាក់ថា «យន្តហោះចម្បាំង-ទម្លាក់គ្រាប់បែក F-5E បានធ្វើប្រតិបត្តិការចាប់តាំងតែពីឆ្នាំ១៩៧៨មកម្ល៉េះ និងត្រូវគេចាត់ទុកជាយន្តហោះជំនាន់ទីបីប៉ុណ្ណោះ ជាមួយសមត្ថភាពមានដែនកំណត់ ហើយបើតាមតែបច្ចេកវិទ្យាហួសសម័យទាំងអស់នេះ អ្នកមិនអាចប្រឈមមុខទល់ទល់ជាមួយ ការគំរាមកំហែងនាពេលបច្ចុប្បន្ននោះឡើយ»។
គួរបញ្ជាក់ថា ការកែលម្អសមត្ថភាពនេះ នឹងប្រែក្លាយយន្តហោះចម្បាំងខាងលើរបស់ប្រទេសថៃ ទៅជាយន្តហោះចម្បាំងជំនាន់ទី ៤ ឬ ៤.៥បាន ដែលប្រកាសនេះ អាចធ្វើឲ្យវាមានសមត្ថភាពប្រហាក់ប្រហែលនឹងយន្តហោះចម្បាំង F-16A/B Fighting Falcons និង JAS-39C/D Gripen ជាដើម ហើយគោលដៅនៃគម្រោងតម្លៃ ៩៦ដុល្លារ គឺដើម្បីបន្តអាយុកាលរបស់យន្តហោះធុន F-5E Tigers នេះឲ្យបាន១៥ឆ្នាំ៕