(សេអ៊ូល)៖ នៅចំពោះមុខសង្រ្គាមពាក្យសម្តីរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន យោធាកូរ៉េខាងជើង នាថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ខ្លួនកំពុងគ្រោងធ្វើការបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ទៅក្បែរៗកោះហ្គាំ (Guam) ដែលជាទីតាំងយុទ្ធសាស្រ្តដ៏សំខាន់ នៃមូលដ្ឋានទ័ពជើងទឹក និងជើងអាកាសរបស់សហរដ្ឋអាមេរិក នៅពាក់កណ្តាលខែសីហានេះ ដោយរង់ចាំតែការបញ្ជាឲ្យបាញ់ពីលោក គីម ជុងអ៊ុន ប៉ុណ្ណោះដើម្បីវាយប្រហារតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មីស៊ីលផ្លោងប្រភេទ Hwasong-12 ចំនួន ០៤គ្រាប់ នឹងហោះឆ្លងកាត់ពីខេត្ត ស៊ីមែន (Shimane), ទីក្រុងហ៊ីរ៉ូម៉ា (Hiroshima), និងខេត្ត កយឈី (Koichi) នៃប្រទេសជប៉ុន ជាមួយចម្ងាយ ៣,៣៥៦.៧គីឡូម៉ែត្រ ក្នុងរយៈពេលប្រមាណជា ១៨នាទី មុនពេលធ្លាក់ចុះនៅផ្ទៃទឹក ដែលស្ថិតនៅចម្ងាយចន្លោះពី ៣០គីឡូម៉ែត្រ និង៤០គីឡូម៉ែត្រ ពីកោះហ្គាំ។ KCNA បានលើកឡើងថាទង្វើនេះ មានគោលដៅ ដើម្បីព្រមានក៏ដូចជាកំញើញកងកម្លាំងសត្រូវនៅក្នុងមូលដ្ឋានយោធា នៅលើកោះហ្គាំ និងដើម្បីធ្វើជាការព្រមានដ៏សំខាន់មួយ ចំពោះមហាអំណាចអាមេរិកទាំងមូលតែម្តង។
ការគំរាមរបស់កូរ៉េខាងជើងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានធ្ងន់ៗដាក់កូរ៉េខាងជើងថា នឹងភ្លក្សរសជាតិភ្លើងកំហឹង ដែលពិភពលោកពុំធ្លាប់បានឃើញពីមុនមកជាក់ជាមិនខាន ប្រសិនរដ្ឋកុម្មុយនិស្តមួយនេះ នៅតែបន្តតាមសម្រេចមហិច្ឆតារបស់ខ្លួន ក្នុងការវាយប្រហារសហរដ្ឋអាមេរិក ជាមួយគ្រាប់មីស៊ីលផ្លោង។ មេបញ្ជាការនៃកងអង្គភាពយោធាកូរ៉េខាងជើង ទទួលបន្ទុកខាងបាញ់មីស៊ីលបានថ្លែងថា «កិច្ចសន្ទនាគ្នាដោយសមហេតុផល គឺមិនអាចកើតមានទៅរួចឡើយ ជាមួយបុរសខ្វះហេតុផលដូចជា លោក ដូណាល់ ត្រាំ ហើយមានតែការប្រើប្រាស់កម្លាំងបាយជាក់ស្តែងប៉ុណ្ណោះ ដែលសាកសមនឹងបុគ្គលប្រភេទនេះ»។
គួរបញ្ជាក់ថា កោះហ្គាំ គឺជាជម្រកនៃប្រព័ន្ធយោធាសំខាន់ៗរបស់សហរដ្ឋអាមេរិក រួមមានទាំងយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-1B, យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត B-52, ក៏ដូចជាប្រព័ន្ធខែលការពារមីស៊ីល THAAD ជាដើម៕