(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងទើបផលិតបានដោយជោគជ័យ នូវក្បាលគ្រាប់នុយក្លេអ៊ែរមានទំហំតូចហើយស្រាល ដែលអាចបំពាក់លើគ្រាប់មីស៊ីល ហើយនេះគឺជាការត្រួសត្រាយផ្លូវមួយដ៏សំខាន់ នាំរបបដឹកនំាទីក្រុងព្យុងយ៉ាង ដើម្បីក្លាយជាមហាអំណាចនុយក្លេអ៊ែរ។ នេះបើតាមការវិភាគរបស់ក្រុមមន្ត្រីចារកម្មអាមេរិក ដកស្រង់ដោយសារព័ត៌មាន Washington Post នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។
យោងតាមការវិភាគខាងលើ ដែលបានបញ្ចប់ទាំងស្រុងកាលពីខែកក្កដា ដោយទីភ្នាក់ងារស៊ើបការសម្ងាត់លើវិស័យការពារជាតិ ក៏បានជំរុញឱ្យមានការវាយតម្លៃលើចំនួនក្បាលគ្រាប់នុយក្លេ អ៊ែររបស់កូរ៉េខាងជើងផងដែរ ខណៈទីក្រុងវ៉ាស៊ីនតោនបានអះអាងថា បច្ចុប្បន្នរបបដឹកនាំ លោក គីម ជុងអ៊ុន មានក្បាលគ្រាប់នុយក្លេអ៊ែរ ៦០គ្រាប់ រីឯអ្នកជំនាញខ្លះយល់ថា ចំនួននេះនៅតិចតួចស្ដួចស្ដើងនៅឡើយ បើធៀបជាមួយសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែអ្វីដែលគេមិនអាចប្រកែកបាននោះគឺថា កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល ICBM របស់កូរ៉េខាងជើង កាន់តែរីកចំរើនទៅមុខ ពិសេស បន្ទាប់ពីការធ្វើតេស្ដមីស៊ីលឆ្លងទ្វីបប្រភេទនេះ ជាលើកទី០២ ដោយជោគជ័យកាលពីខែកក្កដាកន្លងទៅ ហើយមិនតែប៉ុណ្ណោះ សូម្បីតែមន្ត្រីយោធាអាមេរិកមួយចំនួនក៏បានទទួល ស្គាល់ដែរថា វាអាចនឹងមានសមត្ថភាពបាញ់ដល់ដីគោកសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិកលើវិស័យការពារជាតិ បច្ចុប្បន្នកូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរពី ៣០ទៅ៦០គ្រាប់ ចំណែកឯសហរដ្ឋអាមេរិកមាន ៦,៨០០គ្រាប់, រុស្ស៊ី ៧០០០គ្រាប់, បារាំង ៣០០គ្រាប់, ចិន ២៦០គ្រាប់, អង់គ្លេស ២១៥គ្រាប់, ប៉ាគីស្ថាន ១៤០គ្រាប់, ឥណ្ឌា ១៣០គ្រាប់ និងអ៊ីស្រាអែល ៨០គ្រាប់៕