(ពិភពលោក)៖ ត្រឹមតែដកវត្តមានអ្នកបើកបរចេញពីបន្ទប់បញ្ជាយន្តហោះ អាចសន្សំប្រាក់បានដល់រាប់ពាន់លានដុល្លារ ប៉ុន្តែតើមានអ្នកណាហ៊ាន ទិញសំបុត្រជិះយន្តហោះបែបនេះឬទេ?
ក្រុមហ៊ុនអាកាសចរណ៍ អាចសន្សំប្រាក់បានរហូតដល់៣៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយការប្តូរទៅប្រើប្រាស់យន្តហោះគ្មានមនុស្សបញ្ជាវិញម្តង នេះបើយោងតាមរបាយការណ៍ពីក្រុមការងារ UBS។ តែអ្វីដែលចោទជាបញ្ហានោះគឺ របាយការណ៍ខ្លះបានព្រមានថា មានតែអ្នកដំណើរ១៧ភាគរយប៉ុណ្ណោះ ដែលមានបំណងចង់ហោះហើរយន្តហោះដែលគ្មានមនុស្សបញ្ជាបែបនេះ។
ប្រភពព័ត៌មានពី UBS បាននិយាយថា បច្ចេកវិទ្យានេះទាមទារប្រើប្រាស់យន្តហោះដែលប្រតិបត្តិការដោយការបញ្ជាពីក្រោម ដែលអាចនឹងលេចរូបរាងឡើង ក្នុងឆ្នាំ២០២៥ខាងមុខ។ លើសពីនេះទៅទៀតនោះភាពរីកចម្រើនកាន់តែខ្លាំងសម្រាប់ឆ្នាំ២០៣០ខាងមុខនោះគឺ នឹងមានយន្តហោះពាណិជ្ជកម្ម ព្រមទាំងឧទ្ធម្ភាគចក្រដំណើរការដោយស្វ័យប្រវត្តិផងដែរ។
កម្រិតបច្ចេកវិទ្យាដែលកំពុងអភិវឌ្ឍន៍ក្នុងពេលបច្ចុប្បន្ន យន្តហោះជួយផ្តល់ភាពងាយស្រួលដល់អ្នកបើកបរក្នុងគ្រប់ស្ថានការណ៍ ព្រមទាំងអាចដកអ្នកបើកបរ ចេញពីប្រតិបត្តិការបញ្ជា ក្នុងគ្រប់ស្ថានភាពផ្សេងៗ។ បច្ចុប្បន្នយន្តហោះពាណិជ្ជកម្មអាចចុះចតដោយប្រើប្រាស់ជំនួយពីកុំព្យូទ័រ ហើយអ្នកបើកបរអាចបើកបរ ប្រើប្រាស់ដៃត្រឹមតែពីរបីនាទីប៉ុណ្ណោះជាមធ្យម។
អ្នកវិភាគរបស់ក្រុមហ៊ុន UBS បានឱ្យដឹងថា ការផ្លាស់ប្តូរទៅប្រើប្រាស់យន្តហោះដែលគ្មានមនុស្សបើក ការពិតទៅបានកើតឡើងជាយូរឆ្នាំមកហើយ។ ជាក់ស្តែងយន្តហោះហ្គាហ្គោ អាចជាយន្តហោះទីមួយដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាថ្មីនេះ។ ហេតុនេះទៅថ្ងៃអនាគតចំនួនអ្នកបើកបរសម្រាប់យន្តហោះៗ អាចនឹងត្រូវបានកាត់បន្ថយជាបន្តបន្ទាប់៕