(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីមកពីការិយាល័យប៉ូលិសសហព័ន្ធអាមេរិក FBI ធ្លាប់បានរឹបអូសឯកសារ និងសម្ភារៈមួយចំនួនទៀតពីផ្ទះមួយកន្លែង ស្ថិតនៅជាយរដ្ឋ Virginia របស់លោក Paul Manafort ដែលជាអតីតអ្នកគ្រប់គ្រងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមសារព័ត៌មាន Washington Post ចេញផ្សាយនៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧។
យោងតាម Washington Post បានផ្សាយឲ្យដឹងថា ការរឹបអូសនេះ ធ្វើឡើងនៅអំឡុងប្រតិបត្តិការចុះឆែកឆេរ ក្រោមក្របខណ្ឌនៃការស៊ើបអង្កេតជុំវិញការលូកដៃ របស់រុស្ស៊ីចូលក្នុងកិច្ចការបោះឆ្នោត ប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦។ កាសែតអាមេរិកដដែល ផ្អែកប្រភពដែលខ្លួនទទួលបាន ក៏បានបញ្ជាក់ដែរថា ការចុះឆែកឆេរនេះ ត្រូវបានអនុញ្ញាតជាមួយនឹងដីការចុះឆែកឆេរ ដោយគ្មានការជូនដំណឹងជាមុននោះទេ កាលពីថ្ងៃទី២៦ ខែកក្កដា ពោលគឺមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Paul Manafort បានជួបជាមួយសមាជិកបុគ្គលិក នៃគណៈកម្មាធិការស៊ើបអង្កេត ព្រឹទ្ធសភា។
គួរបញ្ជាក់ថា ឯកសារ និងសម្ភារៈរឹបអូស បានបញ្ជូនទៅកាន់សភារួចរាល់ហើយ ខណៈគេជឿជាក់ថា នៅក្នុងឯកសារទំាងនេះអាចមានកំណត់ត្រារបស់លោក Manafort នៅពេលចូលរួមក្នុងជំនួបមួយជាមួយកូនប្រុសលោក ត្រាំ គឺលោក ដូណាល់ ត្រាំ ជេអ និងមេធាវីរុស្ស៊ីម្នាក់នៅឯអាគារពាណិជ្ជកម្ម Trump Tower កាលពីខែមិថុនា ឆ្នាំ២០១៦ ដើម្បីទទួលបានព័ត៌មានមិនល្អ ពាក់ព័ន្ធនឹងអតីតបេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីលឡារី គ្លីនតុន៕