(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.០រ៉ិចទ័រ ដែលបានវាយប្រហារតំបន់មួយកន្លែងក្នុងខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន កាលពីយប់ថ្ងៃអង្គារម្សិលមិញ បានកើនដល់១៣នាក់ហើយ ខណៈ១៧៥នាក់ផ្សេងទៀតអ្នករងរបួស៕
២៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកូរ៉េខាងជើងធ្ងន់ៗថា កុំឲ្យបង្កការគំរាមកំហែងណាមួយផ្សេងទៀតឲ្យសោះ ដល់សហរដ្ឋអាមេរិក បើមិនដូច្នោះទេនឹងបានភ្លក្ស រសជាតិភ្លើងកំហឹងដ៏ក្តៅរោលរាល ដែលពិភពលោកទាំងមូល ពុំធ្លាប់បានឃើញពីមុនមកនោះឡើយ៕
៣៖ ជប៉ុនបាននិយាយថា ខ្លួនបានដឹកនាំការធ្វើសមយុទ្ធយោធាលើលំហអាកាស ជាមួយយន្ដហោះទម្លាក់គ្រាប់បែកអាមេរិក នៅក្នុងដែនអាកាសជប៉ុន ស្ថិតនៅក្បែរតំបន់ឧបទ្វីបកូរ៉េ៕
៤៖ សភាធម្មនុញ្ញវេណេស៊ុយអេឡាបានប្រកាសថា ខ្លួនគឺជាស្ថាប័នចម្បងរបស់រដ្ឋាភិបាល ដែលមានអំណាចខ្ពស់ជាងគេបង្អស់នៅក្នុងប្រទេស ខណៈក្រុមប្លុកប្រចាំទ្វីបអាមេរិកបានប្រកាស ថ្កោលទោសរដ្ឋាភិបាលវេណេស៊ុយអេឡាថា «បានធ្លាក់ទៅក្នុងរបបដឹកនាំផ្តាច់ការ» ហើយអះអាងថា នឹងមិនទទួលស្គាល់សភាធម្មនុញ្ញនេះឡើយ៕
៥៖ នៅចំពោះមុខភាពតានតឹងកាន់តែក្តៅ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង អភិបាលទីក្រុងណាហ្គាសាគីបាននិយាយថា ការភ័យព្រួយជុំវិញការវាយប្រហារដោយគ្រាប់បែក នុយក្លេអ៊ែរសាជាថ្មីម្តងទៀតនោះ កំពុងតែកើនឡើងមែនទែនហើយ ក្នុងឱកាសពិធីរំលឹកខួប ៧២ឆ្នាំ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកមកលើទីក្រុងជប៉ុនមួយនេះ កាលពីសម័យសង្រ្គាមលោកលើកទីពីរ៕
៦៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Ren Guiqiang បានបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពចិនពុំបានគ្រោងធ្វើសកម្មភាពយោធា ដើម្បីបណ្តេញកងទ័ពឥណ្ឌាចេញពីតំបន់វិវាទ Doklam ដែលស្ថិតនៅក្បែររដ្ឋ Sikkim របស់ប្រទេសឥណ្ឌា ដូចទៅនឹងការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក របស់ប្រទេសចិននោះឡើយ៕