(ញូដេលី)៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Ren Guiqiang បានបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពចិនពុំបានគ្រោងធ្វើសកម្មភាពយោធា ដើម្បីបណ្តេញកងទ័ពឥណ្ឌាចេញពីតំបន់វិវាទ Doklam ដែលស្ថិតនៅក្បែររដ្ឋ Sikkim របស់ប្រទេសឥណ្ឌា ដូចទៅនឹងការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក របស់ប្រទេសចិននោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧។
ក្នុងគោលបំណងព្យាយាមកាត់បន្ថយភាពតានតឹង ក្រសួងការពារជាតិចិនបានអញ្ជើញក្រុមអ្នកកាសែតឥណ្ឌា ទៅកាន់ទីក្រុងប៉េកាំង និងបានបកស្រាយយ៉ាងច្បាស់ អំពីគោលជំហរផ្លូវការរបស់ពួកគេ ជុំវិញបញ្ហាជម្លោះនៅតំបន់ Doklam ហើយការលើកឡើងខាងលើរបស់ លោក Ren គឺជាការឆ្លើយតបទៅនឹងសំណួរចោទសួរ ពីសំណាក់ក្រុមអ្នកសារព័ត៌មានឥណ្ឌា ស្តីអំពីអត្ថបទព័ត៌មានចុះផ្សាយកាលពីពេលថ្មីៗនេះ ដោយទីភ្នាក់ងារព័ត៌មានរដ្ឋចិន Global Times ដោយផ្នែកលើប្រភពពីអ្នកជំនាញម្នាក់។
លោក Ren បានថ្លែងថា «សេចក្តីរាយការណ៍ទាំងនេះ បង្ហាញតែពីទស្សនៈយល់ឃើញ របស់បណ្តាញសារព័ត៌មាន និងក្រុមអ្នកវិភាគប៉ុណ្ណោះ។ សម្រាប់ព័ត៌មានផ្លូវការ សូមទទួលយកពីសេចក្តីថ្លែងការណ៍ធ្វើឡើងដោយបណ្តាអ្នកនាំពាក្យរបស់ក្រសួងការបរទេស និងក្រសួងការពារជាតិចិនផ្ទាល់»។ យ៉ាងណាមិញ នាឱកាសនោះ អ្នកនាំពាក្យក្រសួងការពារជាតិចិនរូបនេះ បានរំលេចពាក្យសម្តីរបស់មេដឹកនាំ ក៏ដូចជាមន្រ្តីរដ្ឋាភិបាលចិនសាជាថ្មីម្តងទៀតថា កងទ័ពឥណ្ឌាត្រូវតែដកថយចេញពីចំណុចមានជម្លោះ នៅតំបន់ Doklam។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងនិងទីក្រុងញូដេលី បានបន្តស្ថិតក្រោមការប្រឈមមុខដាក់គ្នា នៅក្នុងតំបន់ Doklam ដែលចំណុចព្រំដែនត្រីមុខរវាងឥណ្ឌា, ចិន, ប៊ូតាន ចាប់តាំងតែពីពាក់កណ្តាលខែមិថុនាឆ្នាំនេះមកម្ល៉េះ បន្ទាប់ពីកងទ័ពឥណ្ឌា បានទៅរារាំងកងទ័ពចិនមិនឲ្យធ្វើការសាងសង់ផ្លូវថ្នល់ នៅក្នុងតំបន់នោះ៕