(តូក្យូ)៖ នៅចំពោះមុខ​ភាពតានតឹង​កាន់តែក្តៅ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង អភិបាលទីក្រុង​ណាហ្គាសាគី​បាននិយាយថា ការភ័យព្រួយជុំ​វិញ​ការវាយប្រហារ​ដោយគ្រាប់បែក​នុយក្លេអ៊ែរ​សាជាថ្មី​ម្តងទៀតនោះ កំពុងតែកើន​ឡើងមែនទែន​ហើយ ក្នុងឱកាសពិ​ធី​​រំលឹក​ខួប ​​៧២​ឆ្នាំ​ នៃ​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ​​របស់​សហ​រដ្ឋ​អាមេ​​រិក​​មកលើ​ទីក្រុងជប៉ុនមួយនេះ កាលពីសម័យ​សង្រ្គាមលោក​លើកទីពីរ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន ABC News នៅ​រសៀល​ថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧។

អភិបាលក្រុង​ណាហ្គាសាគី​ លោក Tomihisa Taue បានអំពាវនាវ​យ៉ាងទទូច​ដល់បណ្តាមហាអំណាច​នុយក្លេអ៊ែរទាំងអស់ បោះបង់ចោល​អាវុធប្រល័យលោក និងបានរិះគន់​រដ្ឋាភិបាលជប៉ុន​ផងដែរ ដោយសារ​តែមិនចូលរួម​ក្នុងកិច្ចខិតខំ​ប្រឹងប្រែង​អន្តរជាតិ សំដៅ​ទៅរកការលុបបំបាត់​នុយក្លេអ៊ែរ។ ថ្លែងក្នុងឧទ្យាន​សន្តិ​ភាព​នៃ​ទីក្រុង​ណាហ្គាសាគី លោក Taue បានលើក​ឡើងថា «ស្ថានការណ៍​អន្តរជាតិ​សព្វថ្ងៃ ពាក់ព័ន្ធនឹង​អាវុធនុយក្លេអ៊ែរ កំពុងតែ​តានតឹង​ឡើងៗ។ ជាមួយគ្នា​​នេះ ក្តីព្រួយបារម្ភ​យ៉ាងខ្លាំង​សម្បើម ក៏កំពុងតែ​រីករាលដាល​ទូទាំងសាកលលោក​ផងដែរថា មិនជាយូរ​ប៉ុន្មានទៀត​ឡើយ សព្វាវុធទាំងនេះ​អាចនឹងត្រូវប្រើ​ប្រាស់​សាជាថ្មីម្តងទៀត​ពុំខាន»។

លោក​អភិបាលក្រុង​បានបន្តថា ការគំរាមកំហែង​ដោយនុយក្លេអ៊ែរ នឹងគ្មានថ្ងៃបញ្ចប់នោះ​ឡើយ ដរាបណា​ប្រជាជាតិ​ទាំងឡាយ​នៅ​តែបន្តអះអាងថា អាវុធ​នុយក្លេអ៊ែរ​មានសារៈសំខាន់​មិនអាចខ្វះបាន សម្រាប់សន្តិសុខជាតិ​របស់ពួកគេ។

ស្របពេលជាមួយគ្នា ពិធីរំលឹកខួបនៃការទម្លាក់គ្រាប់បែកនេះ ត្រូវបានធ្វើឡើង​ស្របពេលដែល​ទីក្រុងព្យុងយ៉ាង និងទីក្រុង​វ៉ាស៊ីនតោន កំពុងតែធ្វើសង្រ្គាម​ពាក្យ​សម្តីព្រមានគ្នា​ទៅវិញទៅមក ដោយប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បានគំរាម​កូរ៉េខាងជើងថា នឹងភ្លក្សរសជាតិ​ភ្លើងកំហឹង ដែលពិភពលោ​ក​មិនដែលធ្លាប់បាន​ឃើញពីមុនមក បើនៅតែហ៊ាន​បង្កការគំរាមកំហែង​ដល់សហរដ្ឋអាមេរិក​ទៀត ខណៈយោធា​កូរ៉េខាងជើង បានឆ្លើយតបវិញថា នឹងបាញ់​មីស៊ីលផ្លោង​វាយប្រហារមូលដ្ឋាន​ទ័ពអាមេរិក នៅលើ​កោះហ្គាំ ដែលនៅមិនឆ្ងាយ​ពីឧបទ្វីបកូរ៉េប៉ុន្មាន​ឡើយនោះភ្លាម ឲ្យតែប្រមុខដឹកនាំ​កំពូលផុតលេខ លោក គីម ជុងអ៊ុន ហើបមាត់​តែបន្តិច។

គួរបញ្ជាក់ថា កាលពីសម័យសង្រ្គាម​លោកលើកទីពីរ គ្រាប់បែកបរិមាណូ​ដំបូងបំផុតរបស់ពិភពលោក ត្រូវបានប្រើប្រាស់​កាលពី​ថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ ទៅលើទីក្រុង​ហីរ៉ូស៊ីម៉ា ដែលបានផ្តាច់ជីវិត​ចំនួន ១៤០,០០០នាក់ ខណៈការទម្លាក់គ្រាប់បែក​ប្រល័យលោកនេះ ទៅលើទីក្រុង​ណាហ្គាសាគី បានកើតឡើង​នៅ​បីថ្ងៃក្រោយ (ថ្ងៃទី០៩ ខែសីហា ១៩៥៤) ដោយមាន​មនុស្សប្រមាណ ៧០,០០០នាក់ថែមទៀត បានបាត់បង់ជីវិត៕