(លីម៉ា)៖ សភាធម្មនុញ្ញវេណេស៊ុយអេឡាបានប្រកាសថា ខ្លួនគឺជាស្ថាប័នចម្បងរបស់រដ្ឋាភិបាល ដែលមានអំណាចខ្ពស់ជាងគេបង្អស់នៅក្នុងប្រទេស ខណៈក្រុមប្លុកប្រចាំទ្វីបអាមេរិក បានប្រកាសថ្កោលទោសរដ្ឋាភិបាលវេណេស៊ុយអេឡាថា «បានធ្លាក់ទៅក្នុងរបបដឹកនាំផ្តាច់ការ» ហើយអះអាងថា នឹងមិនទទួលស្គាល់សភាធម្មនុញ្ញនេះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧។
យោងតាមប្រធានសភាធម្មនុញ្ញវេណេស៊ុយ លោកស្រី Delcy Rodriguez ចាប់ពីពេលនេះតទៅ ពុំមានស្ថាប័នរដ្ឋាភិបាលណាមួយ អាចចូលជ្រៀតជ្រែក ឬមួយក៏រារាំងការសម្រេចចិត្តនានា របស់ស្ថាប័នច្បាប់ថ្មីនេះឡើយ។ លោកស្រី Rodriguez បានថ្លែងថា ច្បាប់នេះគឺជាឧបករណ៍ដ៏មានឥទ្ធិពលជាងគេបំផុត ដើម្បីកម្ចាត់អំពើហិង្សា, ការចងកំហឹងស្អប់ខ្ពើម, និងការចង្អៀតចង្អល់មិនចេះអត់ឱន នៅក្នុងប្រទេសវេណេស៊ុយអេឡា។
ទន្ទឹមនឹងនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ក្រោយកិច្ចប្រជុំនៅទីក្រុងលីម៉ានៃប្រទេសប៉េរូ ប្លុកអាមេរិក រួមមានទាំងកាណាដា, ប្រេស៊ីល, អាហ្សង់ទីន, ម៉ិចស៊ីកូ, ឈីលី, និងកូឡុំប៊ី ជាដើមនោះបានមូលមតិគ្នាថ្កោលទោស ចំពោះការធ្វើអាប់ឱនលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសវេណេស៊ុយអេឡា និងបានប្រកាសថា ពួកគេនឹងមិនទទួលស្គាល់ការសម្រេចចិត្តក៏ដូចជាសកម្មភាពទាំងឡាយណា ដែលធ្វើឡើងដោយសភាធម្មនុញ្ញមិនស្របច្បាប់នេះឡើយ ហើយបានលើកឡើងថា អ្វីដែលវេណេស៊ុយអេឡាមានសព្វថ្ងៃនេះ គឺរបបដឹកនាំផ្តាច់ការ។ ក្រៅពីនេះបក្សប្រឆាំងនៅវេណេស៊ុយអេឡា ក៏ដូចជាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏មិនទទួលស្គាល់ស្ថាប័នថ្មីនេះដែរ។
គួរបញ្ជាក់ថា សភាធម្មនុញ្ញ NCA ជាស្ថាប័នច្បាប់ថ្មីមួយ ដែលមានអំណាចកែប្រែរដ្ឋធម្មនុញ្ញរបស់វេណេស៊ុយអេឡានោះ ត្រូវបានបោះឆ្នោតជ្រើស ដើម្បីបង្កើតឡើងកាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ នៅចំពោះមុខការធ្វើបាតុកម្មទ្រង់ទ្រាយធំជាបន្តបន្ទាប់ កក្រើកទូទាំងប្រទេសអាមេរិកឡាទីនមួយនេះ ដែលជាលទ្ធផលបានបណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់ នៅក្នុងថ្ងៃបោះឆ្នោត ខណៈសកម្មភាពតវ៉ាដោយហិង្សា ដែលបានអូសបន្លាយចាប់តាំងពីខែមេសាមកម្ល៉េះនោះ បានផ្តាច់ជីវិតមនុស្សសរុបច្រើនជាង ១២០នាក់៕