(តូត្យូ)៖ ទីផ្សារភាគហ៊ុនអាស៊ី និងប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះនៅថ្ងៃពុធនេះ បន្ទាប់ពីកូរ៉េខាងជើង គំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិកលើកោះ Guam ឆ្លើយតបទៅនឹងការព្រមានប្រើប្រាស់កម្លាំងយោធាពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) បានសរសើរពិភពលោក ដែលបានចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការដាក់សម្ពាធ និងទណ្ឌកម្ម ប្រឆាំងនឹងកូរ៉េខាងជើង ហើយលោកក៏បានព្រមានទីក្រុងព្យុងយ៉ាងផងដែរថា កុំបង្កការគំរាមកំហែងផ្សេងទៀតឲ្យសោះដល់សហរដ្ឋអាមេរិក បើមិនចង់ភ្លក្សរសជាតិភ្លើងកំហឹង ដែលពិភពលោក ពុំធ្លាប់បានឃើញពីមុនមក។
ជាការឆ្លើយតបទៅនឹងការព្រមាននេះ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា រដ្ឋាភិបាលកូរ៉េខាងជើង កំពុងពិចារណាប្រើប្រាស់គ្រាប់មីស៊ីល Hwasong-12 វាយប្រហារទៅលើកោះ Guam បើសិនជា លោក គីម ជុងអ៊ុន ហើបមាត់តែបន្តិច។ KCNA បានលើកឡើងយ៉ាងដូច្នេះថា «កងទ័ពយុទ្ធសាស្ត្រកូរ៉េខាងជើងកំពុងពិចារណា ក៏ដូចជាត្រៀមខ្លួនរួចហើយ ដើម្បីវាយប្រហារដោយគ្រាប់មីស៊ីលផ្លោងរយៈចំងាយមធ្យម Hwasong-12 លើកោះ Guam រួមទាំងមូលដ្ឋានទ័ពអាកាស Andersen... ហើយផែនការនេះ នឹងត្រូវទទួលការត្រួតពិនិត្យ និងសម្រេចចិត្តឱ្យបានឆាប់រហ័ស ឱ្យតែមានបញ្ជាពីមេដឹកនាំកំពូលរបស់យើង គឺលោក គីម ជុងអ៊ុន»។
ដោយឡែកជុំវិញសង្រ្គាមពាក្យសម្ដីនេះដែរ ទីផ្សារភាគហ៊ុននៅអាស៊ីដូចជា ផ្សារហ៊ុនជប៉ុន Nikkei បានធ្លាក់ចុះ ១.៣ភាគរយ រីឯទីផ្សារហ៊ុនកូរ៉េខាងត្បូងធ្លាក់ចុះ ១ភាគរយ ហើយប្រាក់វ៉ុនបានធ្លាក់ចុះ ០.៦ភាគរយ ឬ ១,១៣៤.៥វ៉ុន ក្នុងមួយដុល្លារអាមេរិក ខណៈប្រាក់យ៉េនចិនបែរជាឡើងថ្លៃលើសចំណាប់អារម្មណ៍អ្នកវិនិយោគទៅវិញ។ ចំណែកឯប្រេងឆៅអាមេរិកមានតម្លៃ ៤៨.៩៩ដុល្លារ ក្នុងមួយបារ៉ែល ដោយធ្លាក់ចុះអស់ ១៨ភាគរយ និងប្រេងឆៅអឺរ៉ុបប្រភេទ Brent ធា្លក់ចុះ ២៥ភាគរយ មកនៅត្រឹម ៥១.៨៩ដុល្លារ ក្នុងមួយបារ៉ែល៕