(ដាម៉ាស់)៖ ជនស៊ីវិលយ៉ាងតិច ៣០នាក់ បានបាត់បង់ជីវិតអំឡុងពេល ២៤ម៉ោង កន្លងទៅនេះនៅក្នុងទីក្រុង Raqqa ភាគខាងជើងប្រទេសស៊ីរី ដោយសារតែប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសយ៉ាងចាស់ដៃ ពីសំណាក់កងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក ទៅលើទីតាំងរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS។ នេះបើតាមការអះអាងពីក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧។
យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅក្នុងប្រទេសស៊ីរី SOHR ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ស្ត្រីចំនួន ០៩នាក់ រួមទាំងកុមារា ១៤នាក់ គឺស្ថិតក្នុងចំណោមអ្នកដែលបានស្លាប់ នៅក្នុងប្រតិបត្តិការទម្លាក់គ្រាប់បែក ទៅលើក្រុង Raqqa។ ម៉្យាងវិញទៀត តួលេខនៃអ្នកដែលបានបាត់បង់ជីវិត ទំនងជានឹងកើនឡើងថែមទៀត ដោយសារមនុស្សរងរបួសជាច្រើននាក់ ស្ថិតក្រោមស្ថានភាពធ្ងន់ធ្ងរខ្លាំង។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបាននិងកំពុងតែបន្តផ្តល់ការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងដល់កងកម្លាំងប្រជាធិបតេយ្យស៊ីរី SDF ដឹកនាំពួកឃើដ ដើម្បីធ្វើការដណ្តើមកាន់កាប់ទីក្រុង Raqqa យកពីដៃ ISIS មកវិញ ហើយបន្ទាប់ពីសមរភូមិបានកន្លងផុតទៅ អស់រយៈពេលពីរខែកងកម្លាំង SDF អាចគ្រប់គ្រងតំបន់ប្រមាណ ៥៥ភាគរយ នៃក្រុង Raqqa ហើយ។ យ៉ាងណាមិញ ការដែលបណ្តាលឲ្យប្រជាជនស្លូតត្រង់ បាត់បង់ជីវិតជារៀងរាល់ថ្ងៃបែបនេះ បានជំរុញរដ្ឋាភិបាលស៊ីរី ឲ្យថ្កោលទោសយ៉ាងខ្លាំង ចំពោះបទឧក្រិដ្ឋរបស់កងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកនេះ ហើយទទូចឲ្យអង្គការសហប្រជាជាតិ រំសាយសម្ព័ន្ធនេះចោល៕