(តូក្យូ)៖ ជប៉ុនបាននិយាយថា ខ្លួនបានដឹកនាំការធ្វើសមយុទ្ធយោធាលើលំហអាកាស ជាមួយយន្ដហោះទម្លាក់គ្រាប់បែកអាមេរិក នៅក្នុងដែនអាកាសជប៉ុន ស្ថិតនៅក្បែរតំបន់ឧបទ្វីបកូរ៉េ កាលពីថ្ងៃអង្គារ ខណៈភាពតានតឹងនៅក្នុងតំបន់កាន់តែកើនឡើងជាលំដាប់ ដោយសារតែសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ផ្លោងសម្ដីធ្វើសង្រ្គាមដាក់ទៅវិញទៅមក បន្ទាប់ពីទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលផ្លោងឥតកោតក្រែងសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧។
យោងតាមកងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន (ASDF) សមយុទ្ធយោធានេះ ធ្វើឡើងនៅតំបន់ភាគខាងត្បូង កោះ Kyushu ដោយមានការចូលរួមពីយន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B-1B ពីរគ្រឿង និងយន្ដហោះចម្បាំងជប៉ុន F-2 ចំនួនពីរគ្រឿង។ ប៉ុន្តែទន្ទឹមគ្នានោះ កូរ៉េខាងជើង បានគំរាមវាយប្រហារដោយគ្រាប់មីស៊ីល លើមូលដ្ឋានទ័ពអាមេរិកនៅលើកោះ Guam តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានទីក្រុងព្យុងយ៉ាង កុំបង្កការគំរាមកំហែងផ្សេងទៀតឲ្យសោះដល់សហរដ្ឋអាមេរិក បើមិនចង់ភ្លក្ស រសជាតិភ្លើងកំហឹងដែលពិភពលោក ពុំធ្លាប់បានឃើញពីមុនមកទេនោះ។
គួរបញ្ជាក់ថា បើតាម ASDF យន្ដហោះទម្លាក់គ្រាប់បែកអាមេរិកទាំងពីរគ្រឿង ដែលមានសមត្ថភាពទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនេះ ក៏បានចូលរួមសមយុទ្ធយោធាដាច់ដោយឡែក ជាមួយកងទ័ពអាកាសកូរ៉េខាងត្បូងផងដែរ៕