(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃពុធនេះបានគំរាមវាយប្រហារដោយគ្រាប់មីស៊ីល លើមូលដ្ឋានទ័ពអាមេរិកនៅលើកោះ Guam តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានទីក្រុងព្យុងយ៉ាង កុំបង្កការគំរាមកំហែងផ្សេងទៀតឲ្យសោះដល់សហរដ្ឋអាមេរិក បើមិនចង់ភ្លក្សរសជាតិភ្លើងកំហឹង ដែលពិភពលោកពុំធ្លាប់បានឃើញពីមុនមក។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧។
យោងតាម KCNA កូរ៉េខាងជើងកំពុងពិចារណា ប្រើប្រាស់គ្រាប់មីស៊ីល Hwasong-12 វាយប្រហារទៅលើកោះ Guam បើសិនជា លោក គីម ជុងអ៊ុន ហើបមាត់តែបន្តិច។ KCNA បាន លើកឡើងយ៉ាងដូច្នេះថា «កងទ័ពយុទ្ធសាស្ត្រកូរ៉េខាងជើង កំពុងពិចារណា ក៏ដូចជាត្រៀមខ្លួនរួចហើយ ដើម្បីវាយប្រហារដោយគ្រាប់មីស៊ីលផ្លោងរយៈចំងាយមធ្យម Hwasong-12 លើកោះ Guam រួមទាំងមូលដ្ឋានទ័ពអាកាស Andersen... ហើយផែនការនេះ នឹងត្រូវទទួលការត្រួតពិនិត្យ និងសម្រេចចិត្តឱ្យបានឆាប់រហ័ស ឱ្យតែមានបញ្ជាពីមេដឹកនាំកំពូលរបស់យើង គឺលោក គីម ជុងអ៊ុន»។
គួរបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅ កូរ៉េខាងជើងបានអះអាងពីជោគជ័យនៃការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទី្វប ICBM លើកទី ០២ របស់ខ្លួន ដោយបញ្ជាក់ប្រាប់ពិភពលោកទៀតថា មីស៊ីលនេះអាចបាញ់ដល់ដីគោកសហរដ្ឋអាមេរិក និងគ្រប់ទីកន្លែងទំាងអស់នៅលើផែនដី៕