(ប៉េកាំង)៖ ចំនួនមនុស្សស្លាប់ដោយសារតែ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.០រ៉ិចទ័រ ដែលបានវាយប្រហារតំបន់មួយកន្លែងក្នុងខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះបានកើនដល់ ១៣នាក់ ហើយ ខណៈអ្នករងរបួសក៏បានឡើងដល់ ១៧៥នាក់ ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧។
គ្រោះរញ្ជួយផែនដីដ៏អាក្រក់នេះ បានកើតមានឡើងនៅចំស្រុក Jiuzhaigou កាលពីវេលាម៉ោង ៩៖១៩នាទីយប់ម្សិលមិញ (ពេលវេលានៅប៉េកាំង) ហើយបើតាមមជ្ឈមណ្ឌលស្ទាបស្ទង់គ្រោះរញ្ជួយដីចិន វាមានជម្រៅប្រមាណ ២០គីឡូម៉ែត្រ នៅក្រោមដីតែម្តង ខណៈគិតត្រឹមព្រឹកថ្ងៃពុធនេះ មនុស្សចំនួន ១៣នាក់ បានបាត់បង់ជីវិត និង ១៧៥នាក់ ផ្សេងទៀតបានទទួលរបួស។
គួរបញ្ជាក់ថា ប្រធានធិបតីចិនលោក ស៊ី ជិនពីង រួមទាំងនាយករដ្ឋមន្រ្តីចិន លោក Li Keqiang ក៏បានបង្គាប់ឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពជួយសង្រ្គោះ អ្នកដែលបានទទួលរបួសដោយសារគ្រោះរញ្ជួយដីនេះ ជាបន្ទាន់ផងដែរ៕