(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកូរ៉េខាងជើងធ្ងន់ៗថា កុំឲ្យបង្កការគំរាមកំហែងណាមួយផ្សេងទៀតឲ្យសោះ ដល់សហរដ្ឋអាមេរិក បើមិនដូច្នោះទេពួកគេនឹងប្រឈមមុខជាមួយភ្លើងកំហឹងដ៏ក្តៅរោលរាល ដែលពិភពលោកទាំងមូល ពុំធ្លាប់បានឃើញពីមុនមកនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧។
ពាក្យសម្តីដ៏ម៉ឺងម៉ាត់បែបនេះរបស់ លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងបន្ទាប់ពីកាសែតអាមេរិក Washington Post ដែលទទួលបានប្រភពព័ត៌មានពីមន្រ្តីស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក បានធ្វើសេចក្តីរាយការណ៍ថា កូរ៉េខាងជើងធ្វើការផលិតក្បាលគ្រាប់នុយក្លេអ៊ែរ មានទំហំតូចល្មម ដែលអាចបំពាក់នៅលើមីស៊ីលផ្លោងរបស់ពួកគេបានសម្រេចហើយ។ ដូច្នេះមានន័យថា ទីក្រុងព្យុងយ៉ាងពុងអភិវឌ្ឍន៍អាវុធប្រល័យលោក ដែលមានសមត្ថភាពវាយប្រហារលើសហរដ្ឋអាមេរិក ក្នុងកម្រិតល្បឿនយ៉ាងឆាប់រហ័សបំផុតហួសពីការរំពឹងទុក។ ដោយឡែកបើតាមប្រភពដដែល គេមានជំនឿជឿជាក់ថា សមត្ថភាពរបស់វាពុំទាន់ត្រូវបានគេធ្វើតេស្តសាកល្បងនៅឡើយទេ។
គួរបញ្ជាក់ថា សង្រ្គាមវោហាសាស្រ្តដ៏កក្តៅគគុកនេះ រវាងមេដឹកនាំនៃប្រទេសទាំងពីរ បានកើនឡើងកម្តៅ បន្ទាប់ពីរបបដឹកនាំទីក្រុងព្យុងយ៉ាង បានធ្វើតេស្តបាញ់សាកល្បងមីស៊ីលផ្លោងប្រភេទឆ្លងទ្វីប ICBM ចំនួនពីរគ្រាប់ដោយជោគជ័យ កាលពីខែកក្កដាកន្លងទៅ ហើយបានអះអាងថា បច្ចុប្បន្ននេះខ្លួនមានលទ្ធភាពអាចវាយប្រហារសហរដ្ឋអាមេរិកបានហើយ៕