(សេអ៊ូល)៖ កូរ៉េខាងត្បូង បានថ្កោលទោសយ៉ាងខ្លាំងចំពោះការទាមទារសាជាថ្មីរបស់ជប៉ុន ដែលថាទីប្រជុំកោះ Dokdo ឬហៅជាភាសាជប៉ុនថា Takeshima ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០១៧។

នៅក្នុងសៀវភៅស ប្រចំាឆ្នាំ២០១៧ ចេញផ្សាយនៅព្រឹកថ្ងៃអង្គារនេះ ជប៉ុនបានអះអាងជាលើកទី១៣ឆ្នាំជាប់ៗគ្នាថាទីប្រជុំកោះ Dokdo ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ខ្លួន។ ដោយ ឡែក ក្រសួងការបរទេសកូរ៉េខាងត្បូង នៅក្នុងសេចក្ដីថែ្លងការណ៍បានថ្កោលទោស និងសម្ដែងការជំទាស់យ៉ាងខ្លាំង ព្រមទំាងជំរុញឱ្យទីក្រុងតូក្យូ បញ្ឈប់ជាបន្ទាន់ការទាមទារដោយខុសច្បាប់ ម្ដងជាពីរម្ដង លើការគ្រប់គ្រងទីប្រជុំកោះ Dokdo ត្បិតទីប្រជុំកោះមួយនេះគឺជាទឹកដីរបស់កូរ៉េខាងត្បូង ផ្អែកលើប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថា ជប៉ុនបានទាមទារគ្រប់គ្រងទីប្រជុំកោះ Dokdo ពីកូរ៉េខាងត្បូង ដោយចាត់ទុកថាវាថាជាកេរ្ត៍ដំណែលបន្សល់ទុកដោយអាណាចក្រជប៉ុន ដែលដាក់អាណានិគមលើឧបទ្វីបកូរ៉េ ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥៕