(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យ៉ី បាននិយាយថា ជប៉ុនហាក់ដូចជាត្រូវបានបង្ខំឱ្យបំពេញបេសកកម្ម ដែលសហរដ្ឋអាមេរិក បានបង្គាប់ឱ្យរិះគន់គោលនយោបាយចិន នៅក្នុង តំបន់អាស៊ី ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់លោក វ៉ាង យ៉ី ធ្វើឡើងនៅក្នុងជំនួបជាលើកដំបូងជាមួយរដ្ឋមន្ត្រីបរទេសជប៉ុន លោក តារ៉ូ កូណុ (Taro Kono) នាឱកាសចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស អាស៊ាន ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ។
ថ្លែងនៅក្នុងជំនួបនោះដែរ លោក វ៉ាង យ៉ី បានលើកឡើងដូច្នេះថា៖ «យើងមានអារម្មណ៍ថាអ្នក (ជប៉ុន) ហាក់ដូចជាត្រូវបាន បង្ខំឱ្យបំពេញបេសកកម្មដែលសហរដ្ឋអាមេរិក បានបង្គាប់ឱ្យធ្វើ ជាពិសេសគឺការរិះគន់លើគោលនយោបាយរបស់ចិននៅក្នុងតំបន់... អ្នកអាចបើកភ្នែករបស់អ្នកមើលការចេញ សេចក្ដីថ្លែងការណ៍រួម នោះទើបអ្នកអាចធ្វើការសន្និដ្ឋានដោយខ្លួនឯងបាន»។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយជំរុញឱ្យចិនបញ្ឈប់ការទាមទារគ្រប់គ្រង និងសកម្មភាពយោធានៅក្នុង តំបន់សមុទ្រចិនខាងត្បូង។ ប៉ុន្តែ ទីក្រុងប៉េកាំង បានទាត់ចោលសេចក្ដីថ្លែងការណ៍នេះ ក៏ដូចជាសាលក្រមសម្រចចេញដោយតុលាការអាជ្ញាកណ្ដាលអន្តរជាតិ ដែលប្រឆាំងនឹងការទាមទារ របស់ចិននៅតំបន់ដែនទឹកជម្លោះ៕