(អាមេរិក)៖ កាលពីជាង១០ឆ្នាំមុន យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក JetBlue ដែលមានគោលដៅធ្វើដំណើរចេញពីព្រលានយន្តហោះ Bob Hope ក្នុងទីក្រុង Burbank នៃរដ្ឋកាលីហ្វរញ៉ា ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ក្នុងទីក្រុងញូយ៉កនោះ ត្រូវបានអាកាសយានិកដ៏ស្ទាត់ជំនាញ ធ្វើការបញ្ជាចុះចតដោយជោគជ័យគួរឲ្យកោតសរសើរ នៅឯអាកាសយានដ្ឋានអន្តរជាតិ Los Angeles បន្ទាប់ពីកង់ផ្នែកខាងមុខរបស់វា បានជាប់គាំងនៅក្នុងស្ថានភាពខុសប្រក្រតី។ ពុំមានមនុស្សរងគ្រោះនៅក្នុងហេតុការណ៍នោះឡើយ។ នេះបើតាមការដកស្រង់ព័ត៌មានចេញពីវែបសាយ Wikipedia នៅល្ងាចថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០១៧។
ក្រោយពីហោះចាកចេញពីទីក្រុង Burbank អាកាសយានិកក៏បានដឹងថា ពួកគេមិនអាចលើកកង់នៅផ្នែកខាងមុខរបស់យន្តហោះបាន។ បន្ទាប់មកពួកគេបានហោះហើរ ក្នុងរយៈកម្ពស់ទាប នៅពីលើព្រលានយន្តហោះ LGB ក្នុងទីក្រុង Long Beach ដើម្បីឲ្យមន្រ្តីនៅក្នុងស្ថានីយ៍គ្រប់គ្រងការហោះហើរ របស់ព្រលានយន្តហោះ ពិនិត្យមើលកង់របស់យន្តហោះ Airbus A320-200 នេះមុននឹងធ្វើការត្រៀមចុះចត ហើយក៏ត្រូវបានគេរកឃើញថា កង់ផ្នែកខាងមុខរបស់យន្តហោះបានបត់តែក្នុងរង្វាស់មុំ ៩០ដឺក្រេ ប៉ុណ្ណោះ។
ភ្លាមៗនោះជាជាងចុះចតនៅឯព្រលានយន្តហោះ Long Beach អាកាសយានិកដែលជាកុម៉ង់ដង់ បានសម្រេចចិត្តថា យន្តហោះរបស់ពួកគេ នឹងធ្វើការចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Los Angeles ដោយសារតែភាពអំណោយផលនៃផ្លូវដ៏ធំវែង រួមនិងបរិក្ខាសុវត្ថិភាពទំនើបៗនៅទីនោះ។ ក្រោយមកអាកាសនិក បានហោះហើរយន្តហោះនោះ ដែលអាចស្តុកប្រេងបានទម្ងន់ ២១,២៥៥គីឡូក្រាម ឆ្វែលទៅឆ្វែលមក នៅចន្លោះព្រលានយន្តហោះ Bob Hope និងអាកាសយានដ្ឋាន Los Angeles អស់រយៈពេលជិតបីម៉ោង ដើម្បីប្រើប្រាស់សាំងឲ្យជិតអស់ និងកាត់បន្ថយហានិភ័យនៃការកើតមានគ្រោះអគ្គីភ័យ នៅពេលចុះចត ព្រោះថាយន្តហោះ Airbus A320 នេះ ពុំមានប្រព័ន្ធបង្ហៀរប្រេងនោះឡើយ។
នៅទីបំផុតអាកាសយានិករបស់យន្តហោះ ក៏បានសម្រេចការចុះចតយន្តហោះដឹកអ្នកដំណើរ ដែលមានផ្ទុកមនុស្សចំនួន ១៤៦នាក់នេះ ដោយជោគជ័យ ជាមួយវត្តមានសេវាសង្រ្គោះបន្ទាន់ និងភ្នាក់ងារពន្លត់អគ្គីភ័យយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅផ្លូវចុះចតក្នុងអាកាសយានដ្ឋាន Los Angeles៕