(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃអង្គារនេះបានតែងតាំងមេបញ្ជាការយោធាជាន់ខ្ពស់ ០៧នាក់ ក្រោមក្របខ័ណ្ឌនៃការរុះរើមន្ត្រីមេដឹកនាំយោធាជាលើកដំបូង ចាប់តាំងពីលោកបានឡើងតំណែងកាលពីខែឧសភាមក ចំពោះមុនភាពតានតឹងខ្លាំងផ្នែកសន្តិសុខ ដោយសារតែតែបង្ករឿងរបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០១៧។
យោងតាមការរុះរើតំណែងមន្ត្រីយោធានេះដែរ ប្រធានសេនាធិការកងទ័ពអាកាស លោកឧត្ដមសេនីយ៍ Jeong Kyeong-doo ត្រូវបានតែងតាំងជាប្រធានសេនាធិការយោធាកូរ៉េខាងត្បូង (JCS)។ ម្យ៉ាងវិញទៀត នេះគឺជាលើកដំបូងបំផុតក្នុងរយៈពេល ២៣ឆ្នាំមកនេះ ដែលមន្ត្រីមកពីកងទ័ពអាកាស ត្រូវបានជ្រើសរើសឱ្យកាន់តំណែងជា មេបញ្ជាការកំពូលយោធាកូរ៉េខាងត្បូង ហើយវាក៏ជាលើកទី ០២ ផងដែរ នៅក្នុងប្រវត្តិសាស្ត្រ ដែលមេបញ្ជាការកងទ័ពអាកាសឡើងកាន់តំណែងជាប្រធាន JCS។
គួរបញ្ជាក់ថា ការតែងតាំងនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃអង្គារនេះ រីឯដំណែងជាប្រធានសេនាធិការយោធារបស់ លោក Jeong Kyeong-doo នឹងត្រូវបាន បញ្ជូនបន្តទៅកាន់សភា ដើម្បីជជែកដេញដោល ក៏ប៉ុន្តែមិនតម្រូវឱ្យមានការអនុម័តពីសភាឡើយ៕