(វ៉ាស៊ីនតោន)៖ ការស្ទាបស្ទង់ថ្មីមួយបានបង្ហាញថា ប្រជាជនអាមេរិកភាគច្រើនបានគំាទ្រលើគំនិតដាក់ពង្រាយកងទ័ពអាមេរិកនៅលើឧបទ្វីបកូរ៉េ ដើម្បីធ្វើសង្គ្រាមការពារកូរ៉េខាងត្បូង នៅក្នុងករណីមានការវាយប្រហារជាយថាហេតុណាមួយពីកូរ៉េខាងជើង។ នេះបើតាមវិទ្យាស្ថាន Chicago Council on Global Affairs ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០១៧។
វិទ្យាសា្ថន Chicago Council on Global Affairs ដែលបានដឹកនាំការស្រាវជ្រាវ លើបញ្ហានេះចាប់តាំងពីឆ្នាំ១៩៩០មក នៅក្នុងការស្ទង់មតិរបស់ខ្លួន ចេញផ្សាយកាលពីថ្ងៃចន្ទបានបញ្ជាក់ថា នេះគឺលើកទីមួយ ដែលមានប្រជាជនអាមេរិកភាគច្រើន គាំទ្រគំនិតដាក់ពង្រាយកងទ័ពអាមេរិកនៅលើឧបទ្វីបកូរ៉េ។ ប្រជាជនអាមេរិក ៦២ភាគរយ ដែលត្រូវបានសម្ភាសន៍សុទ្ធតែបាននិយាយថា ពួកគេយល់ស្របនឹងការប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងកូរ៉េខាងជើង បើសិនជាទីក្រុងព្យុងយ៉ាង ហ៊ានវាយប្រហារលើកូរ៉េខាងត្បូង ហើយតួរលេខនេះមានការកើនឡើង បើធៀបទៅនឹងការស្ទង់មតិ កាលពីឆ្នាំ២០១៥ ដែលប្រជាជនអាមេរិកតែ ៤៧ភាគរយប៉ុណ្ណោះឆ្លើយថា «Yes» ឬព្រម។
ជាងនេះទៅទៀត បើតាមការស្ទង់មតិនេះ ប្រជាជនអាមេរិកមួយចំនួនធំចាត់ទុកថា កូរ៉េខាងជើងជាការគំរាមកំហែងមួយដ៏ធំចំពោះសហរដ្ឋអាមេរិក រីឯប្រជាជន ៧៥ភាគរយ វាយតម្លៃថា បញ្ហាកូរ៉េខាងជើងជារឿងសំខាន់ ពោលគឺច្រើនជាង ១៥ពិន្ទុ បើធៀបទៅឆ្នាំ២០១៦ និងច្រើនជាង ២០ពិន្ទុ ប្រៀបធៀបកាលពីឆ្នាំ២០១៥។ បច្ចុប្បន្នបញ្ហាកូរ៉េខាងជើងត្រូវបានចាត់ទុកថា ជារឿងធំលេខ ១ ដែលសហរដ្ឋអាមេរិកកំពុងប្រឈមមុខ ដោយសារតែប្រទេសសម្ព័ន្ធមិត្តចិនមួយនេះ កំពុងតែបង្កើនឥទ្ធិពលនៃគ្រាប់មីស៊ីល ដែលទីក្រុងព្យុងយ៉ាងអះអាងថា នឹងអាចបាញ់ដល់ទឹកដីអាមេរិក ក្នុងពេលតែប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ៕