(អាមេរិក)៖ ក្មេងប្រុសវ័យ ០៩ឆ្នាំ ដែលពោរពេញដោយមហិច្ឆតាម្នាក់ បានសរសេរសំបុត្រមួយច្បាប់ទៅកាន់ទីភ្នាក់ងារអវកាស NASA ដើម្បីដាក់ពាក្យធ្វើជា «មន្រ្តីការពារភពផែនដី» ជាមុខតំណែងដែលអង្គការ NASA បានប្រកាសជ្រើសរើសកាលពីពេលថ្មីៗកន្លងទៅនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Telegraph នៅរសៀលថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០១៧។
សំបុត្ររបស់ក្មេងប្រុសថ្នាក់ទីបួនមកពីរដ្ឋ New Jersey សហរដ្ឋអាមេរិករូបនេះ មានអត្ថន័យទាំងស្រុងដូច្នេះថា «ជូនចំពោះអង្គការ NASA... ខ្ញុំបាតឈ្មោះ Jack Davis ហើយខ្ញុំចង់ដាក់ពាក្យធ្វើជាមន្រ្តីការពារភពផែនដី។ ខ្ញុំប្រហែលជាមានអាយុត្រឹម ០៩ឆ្នាំប្រាកដមែន តែខ្ញុំយល់ថារូបខ្ញុំនឹងសាកសមសម្រាប់តួនាទីនេះ។ ហេតុផលមួយនោះគឺថា បងស្រីរបស់ខ្ញុំនិយាយថា ខ្ញុំគឺជាអេលៀន ហើយម៉្យាងវិញទៀតខ្ញុំ ក៏ធ្លាប់បានមើលរឿងអេលៀនអវកាស បានច្រើនផងដែរ។ ខ្ញុំធ្លាប់បានមើលរឿងភាគ Marvel Agents of Shield ហើយខ្ញុំសង្ឃឹមថា នឹងអាចមើលរឿង Men In Black ទៀត។ ក្រៅពីនេះខ្ញុំនៅក្មេង ដូច្នេះអាចហាត់រៀន ដើម្បីគិតឲ្យដូចជាអេលៀនបាន»។ ជាចុងក្រោយកុមារាម្នាក់នេះ បានបញ្ចប់ខ្លឹមសារដោយសរសេរថា «Jack Davis , Gaurdian of the Galaxy (អ្នកការពារកាឡាក់ស៊ី)» ថែមទៀតផង។
បន្ទាប់ពីទទួលបានលិខិតរបស់កុមារា Jack នាយកផ្នែកវិទ្យាសាស្រ្តភពរបស់អង្គការ NASA បានធ្វើការឆ្លើយតបទៅវិញថា «នៅ NASA យើងស្រឡាញ់និងចូលចិត្តបង្ហាត់បង្រៀន និងបង្ហាញក្មេងៗអំពីទីអវកាស ហើយជំរុញលើកទឹកចិត្តពួកគេឲ្យប្រែក្លាយខ្លួន ជាអ្នករុករកបន្ទាប់។ ពួកយើងនឹងទន្ទឹងរង់ចាំ អ្នកវិទ្យាសាស្រ្តរួមទាំងវិស្វករជំនាន់ក្រោយ ដើម្បីជួយពួកយើង ដូច្នេះខ្ញុំសង្ឃឹមថា ប្អូននឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយធ្វើឲ្យបានល្អនៅក្នុងសាលារៀន។ យើងសង្ឃឹមថា នឹងអាចជួបប្អូននៅទីនេះ គឺ NASA ក្នុងថ្ងៃណាមួយ»។ បន្ថែមពីនេះក្មេងប្រុសដែលពោរពេញដោយមហិច្ឆតារូបនេះ ក៏ទទួលបានការហៅទូរស័ព្ទពីនាយកផ្នែកស្រាវជ្រាវភពរបស់ NASA ផងដែរ។
គួរបញ្ជាក់ថា ការសរសេរសំបុត្រដ៏គួរឲ្យរំភើប និងគួរឲ្យកោតសរសើរនេះ បានកើតមានឡើងបន្ទាប់ពីទីភ្នាក់ងារ NASA បានចេញសេចក្តីប្រកាសព័ត៌មានមួយ ទៅដល់អ្នកតែងតែមានក្តីស្រមៃ ចង់ថែរក្សាការពារភពផែនដី ពីការឈ្លានពានរបស់អេលៀននោះថា ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងស្វែងរកម្ចាស់មុខតំណែងជាមន្រ្តីការពារភព ជាបុគ្គលមួយរូបដែលមានតួនាទី ដឹកនាំកិច្ចប្រឹងប្រែងរបស់ NASA ក្នុងការធ្វើយ៉ាងណាបង្កាមិនឲ្យភពរបស់យើង ទទួលរងការបំពុលដោយសរីរាង្គមីក្រុបអេលៀន ដែលអាចដោយមកតាមយានអវកាស និងព្យាយាមការពារមិនឲ្យយានអវកាស ឬក្រុមអវកាសយានិករបស់ NASA បំពុលភពដទៃផ្សេងទៀតនៅក្នុងចក្រវាឡ។
ទីភ្នាក់ងារអវកាសអាមេរិក បានគូសបញ្ជាក់ថា ការរក្សាការពារភពផែនដីឲ្យមានសភាពស្អាតជានិច្ច ពីសរីរាង្គមីក្រុបផ្សេងៗ ដែលអាចធ្វើដំណើរមកដល់ទីនេះ តាមរយៈយានអវកាសនាំយកគំរូតាងពីលំហអាកាស ជាដើម គឺជាអាទិភាពខ្ពស់បំផុតយ៉ាងណាក្តី ក៏ប៉ុន្តែកាតព្វកិច្ចនេះ ក៏ត្រូវអនុវត្តន៍ក៏ដូចជាប្រើប្រាស់ទៅលើវត្ថុអវកាសរួមទាំងភពដទៃៗទៀត ដែលយានអវកាសរបស់អង្គការ NASA នេះធ្វើដំណើរទៅដល់ផងដែរ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺប្រាក់បៀវត្សន៍សម្រាប់តួនាទី ដែលត្រូវបានបញ្ជាក់ថា មានចន្លោះពី ១២៤,៤០៦ដុល្លារ រហូតដល់ ១៨៧,០០០ដុល្លារ ក្នុងមួយខែឯណោះ៕