(បាងកក)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានធ្វើដំណើរទៅដល់ប្រទេសថៃហើយ នៅថ្ងៃអង្គារនេះក្នុងក្របខណ្ឌ នៃការបំពេញដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិក គិតចាប់ពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤មក ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរល្អក់កករ ខណៈទីក្រុងបាងកកកាន់តែខិតជិតចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០១៧។
ដំណើរទស្សនកិច្ចរបស់ លោក ធីល្លឺសុន ធ្វើឡើងបន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីចុងសប្ដាហ៍កន្លងទៅ ដោយ នៅទីនោះលោកបានជំរុញឱ្យបណ្ដាប្រទេសអាស៊ានចូលរួមជាមួយសហរដ្ឋអាមេរិក ដាក់សម្ពាធ និងទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង រហូតដល់យល់ព្រមត្រឡប់មករកតុចរចាវិញ។
ប៉ុន្តែបច្ចុប្បន្នអ្វីដែលអ្នកនយោបាយថៃកំពុងយកចិត្តទុកដាក់នោះ គឺការធ្វើឱ្យប្រសើរនូវទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ជាក់ស្ដែងអ្នកនាំពាក្យក្រសួងការបរទេសថៃ លោកស្រី Busadee Santipitaks បានគូសបញ្ជាក់រួចជាមុនទៅហើយថា ដំណើរទស្សនកិច្ចនេះពិតជាមានសារៈសំខាន់សម្រាប់ថៃ ក្នុងការស្ដារទំនាក់ទំនង និងមិត្តភាពរវាងប្រទេសទាំងពីរឡើងវិញ។ តែទោះជាយ៉ាងនេះក្ដី ក្រុមអង្គការការពារសិទ្ធិមនុស្សបានបង្ហាញពីក្ដីកង្វល់របស់ពួកគេ ពាក់ព័ន្ធនឹងការបង្កើតទំនាក់ទំនងប្រក្រតីរវាងសហរដ្ឋអាមេរិក និងថៃ នៅក្នុងបរិបទដែលរដ្ឋាភិបាលយោធាថៃ នៅតែបន្តបង្រ្កាបក្រុមអ្នករិះគន់លើរបបរាជានិយម និងយោធាថៃ។
គួរបញ្ជាក់ថា ចាប់តាំងពីមានរដ្ឋប្រហារយោធា កាលពីខែឧសភា ឆ្នាំ២០១៤មក ថៃកាន់តែមានភាពជិតស្និតទៅរកចិន ដោយសារតែសហរដ្ឋអាមេរិក កាត់បន្ថយជំនួយផ្នែកយោធា ជាហេតុ ធ្វើឱ្យរដ្ឋាភិបាលយោធារបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ត្រូវបង្ខំចិត្តងាកទៅរកទីក្រុងប៉េកាំង តាមរយៈការចុះហត្ថលេខាងលើកិច្ចព្រមព្រៀងទិញនាវាមុជទឹក រថក្រោះ ឧទ្ធម្ភាគចក្រ មានតម្លៃច្រើនជាង ៥០០លានដុល្លារ ពីចិននៅក្នុងឆ្នាំ២០១៧នេះ៕